ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌកំបូលស្នើឱ្យអាជ្ញាធររាជធានីជួយតបណ្ដាញទឹកស្អាត ធ្វើផ្លូវបេតុង ដាក់លូ ស្ដារប្រឡាយនិងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖  នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីជាមួយប្រជាពលរដ្ឋនៅខណ្ឌកំបូល ប្រជាពលរដ្ឋ បានស្នើសុំឱ្យអាជ្ញាធររាជធានីជួយតបណ្ដាញទឹកស្អាត ធ្វើផ្លូវបេតុង ដាក់លូ ស្ដារប្រឡាយ នឹងដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ។

ប្រជាពលរដ្ឋបានស្នើសុំបែបនេះ ខណៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ដែលបានប្រព្រត្ដឹទៅនៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ ផ្ទាល់មាត់ចំនួន១៤នាក់ ដោយស្នើសុំឱ្យ រដ្ឋបាលរាជធានីភ្នំពេញជួយស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាចរាចរណ៍ដើម ។ 

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានបញ្ជាក់ថា៖  ការលើកឡើងជាសំណើផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជាសុំស្ថាបនាផ្លូវ ការតបណ្តាញទឹក ការស្តារប្រឡាយជាដើមនោះ មានសំណើ ខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានីភ្នំពេញនិងខណ្ឌហើយ  ហើយអ្វីដែលមិនមាននៅក្នុងគម្រោងយើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី,ខណ្ឌ , សង្កាត់។ ដោយឡែកចំពោះការសុំឱ្យអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងឱ្យអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្តឬក៏ខាងណាឱ្យប្រាកដ ។ 

លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំឱ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានគិតគូរណាស់ ។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាលមានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិកា រហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ។ គម្រោងនេះមួយផ្នែកត្រូវដោះស្រាយលើការបង្វែរផ្លូវទឹកកុំឱ្យចូលមករាជធានីភ្នំពេញនិងមួយផ្នែកទៀតសាងសង់ប្រព័ន្ធលូ ,ប្រឡាយដើម្បីរំដោះទឹកចេញ។

លោកបន្ដថា៖ តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយតែចំពោះគម្រោងណាដែលចាំបាច់បំផុតប៉ុណ្ណោះ សម្រាប់សំណើផ្សេងៗទៀតយើងនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។

លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីឱ្យអាជ្ញាធររាជធានី,ខណ្ឌ,សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យអាជ្ញាធរបានដឹងឮ ហើយរួមគ្នាដោះស្រាយ ។

លោកបន្ដថា៖ វេទិកានេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ។

វេទិកានេះ ក៏ចង់បង្ហាញឱ្យឃើញពីសកម្ម ភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមកថា តើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះយកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធា នីភ្នំពេញមានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយនឹងការផ្តល់សេវាសាធារណៈបានកាន់តែល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ៕

ដោយ ៖ សំរិត


ចែករំលែក៖