ក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ និង សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់នៅទូទាំងប្រទេស រដ្ឋាភិបាលដឹកនាំដោយសម្តេច នាយករដ្ធមន្ត្រី ហ៊ុន សែន ហើយដែលបានការគាំទ្រនិងការឯកភាពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជាមួយ កូវិដ-១៩បានសម្រេចបិទមិនឲ្យពលរដ្ឋធ្វើចរាចរណ៍ពីភ្នំពេញទៅកាន់បណ្តាខេត្ត ឬពីខេត្តមួយទៅកាន់ខេត្តមួយឡើយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះពោលគឺចាប់ពីយប់អាធ្រាតថ្ងៃទី៩ដល់ ១៦ មេសាឆ្នាំ ២០២០ ។
ជាការពិត មានអ្នកខ្លះអាច យល់ឃើញថា នេះជាការបិទ សិទ្ធិសេរីភាពក្នុងការដើរហើររបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលគ្រួសារខ្មែរត្រូវការជួបជុំគ្នាមួយឆ្នាំម្តង។
ប៉ុន្តែ បើយោងលើស្ថានការណ៍ជាក់ស្តែងនៅជុំវិញពិភពលោក ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវិដ-១៩យើងនឹង យល់ថា វិធានការពិសេស នេះពិតជាសមស្របណាស់ពីព្រោះសូមកុំភ្លេចថា កូវិដ-១៩ គឺជា មេរោគដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុតជាពិសេសវាឆ្លងរាលដាលកាន់តែលឿននៅពេលមនុស្សជួបជុំគ្នាកកកុញច្រើននិងនៅជិតគ្នា។ ប្រទេសចិន ដែលទទួលរងការវាយប្រហារមុនគេនិងយ៉ាងលឿនរហ័ស គឺក៍ ដោយសារតែមេរោគនេះបានផ្ទុះឡើងចំពេលបុណ្យចូលឆ្នាំថ្មីដែលពលរដ្ឋចិនរាប់រយលាននាក់ធ្វើដំណើរចុះឡើងខ្វាត់ខ្វែងយ៉ាងកកកុញក្នុងពីធីបុណ្យចូលឆ្នាំថ្មី។
នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារពេញទំហឹងដោយកូវិដ-១៩រហូតធ្វើឲ្យមនុស្សឆ្លងរាប់សែននាក់ និងស្លាប់រាប់ម៉ឺននាក់គឺក៍ ដោយសារតែពលរដ្ឋមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ហើយនាំគ្នាចេញដើររហេត រហូតគ្មានឈប់ឈរ។
លើការជាក់ស្តែងដែលយើង បានដឹងលឺទាំងអស់គ្នានោះ គឺ ប្រទេស អ៊ីតាលី បារាំង អេស្ប៉ាញ អង្គ្លេស ជាដើម
ដែលមានប្រជាជនស្លាប់រៀង រាល់ថ្ងៃហើយក្នុងមួយថ្ងៃៗ ប្រទេសទាំងនេះមានប្រជាជនខ្លួនបានស្លាប់ក្នុងចន្លោះពី ជាង៤០០នាក់ទៅជិត២០០០ នាក់ នៅទីបំផុត ក៍បានសម្រេចយក
វិធានការបិទខ្ទប់ប្រទេសហើយបង្ខំឲ្យពលរដ្ឋសម្ងំនៅតែក្នុងផ្ទះដើម្បីទប់ស្កាត់គ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរឡើងៗជា លំដាប់។
វិធានការរាំងខ្ទប់មនុស្សកុំឲ្យដើរគឺជាជម្រើសតែមួយគត់ដែល មានប្រសិទ្ធភាពបំផុតសម្រាប់ទប់ទល់ជាមួយមេរោគកូវិដ-១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល
ឬវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចហាមប្រាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្លងពីភ្នពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត រឺ ពីស្រុកមួយទៅ ស្រុកមួយទៀត គឺជាជម្រើស ដ៏ សមស្របបំផុតដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងក្នុងទស្សនៈ«ការពារប្រសើរជាងព្យាបាល»។
ពិតហើយ ប្រជាពលរដ្ឋខ្មែរដែល ទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍន៍ តែងតែស្វែងរកការជួបជុំ សប្បាយរីករាយ ក្នុងនោះពិធីបុណ្យធំៗដែលបានជួបជុំគ្រួសារ មិត្តភ័ក្ត គឺជាពិធីដ៏ សប្បាយរីករាយបំផុត។ ដូច្នេះ
ការខកខានមិនបានជួបជុំក្នុងពេលបុណ្យចូលឆ្នាំពិតជាការខកចិត្តមួយ។ ប៉ុន្តែ បើយើងសាកល្បងគិតថា ក្រោយពីពិធីជួបជុំបុណ្យចូលឆ្នាំដ៏ សប្បាយរីករាយទៅ ស្រាប់តែ កូវិដ-១៩ផ្ទុះឡើងនៅគ្រប់ទិសទី។ ឪពុកម្តាយ បងប្អូន ជីដូនជីតា យើងស្រាប់តែឆ្លង មេរោគនេះ តើយើងមានអារម្មណ៍បែបណា? វាពិតជា រឿងសោកសង្រេងខ្លាំងណាស់គឺខ្លាំងជាងការខកខានមិនបានទៅជួបជុំគ្នារាប់រយរាប់ពាន់ដងឯណោះ។ ហើយជួនកាល វិប្បដិសារីនេះនឹងកើតមានសម្រាប់ខ្លួនយើងពេញមួយជីវិតក៏ថាបាន។
ម្យ៉ាងទៀត បុណ្យចូលឆ្នាំមានជារៀងរាល់ឆ្នាំ ។
ដូច្នេះ បើយើងខានរៀបចំឆ្នាំនេះ យើងនៅតែអាចរៀបចំពិធីបុណ្យនេះឡើងវិញបាននៅឆ្នាំក្រោយ។
សុភាសិតបូរាណខ្មែរយើងបាន ពោលថា «ទាល់តែឃើញក្តា
មឈូសទើបស្រក់ទឹកភ្នែក»។ សុភាសិតនេះចង់ទូន្មានដល់ កូនខ្មែរថា «កុំឲ្យព្រហើន កុំមើលស្រាលសភាពការណ៍ ហើយកុំរង់ចាំដល់មាត់ជ្រោះនៃ សេចក្តីស្លាប់ទើបនាំគ្នា
ស្រក់ទឹកភ្នែកហើយភ្ញាក់រលឹក ពីព្រោះវាហួសពេលទៅហើយ»។ ជាពិសេសក្នុង សមរភូមិប្រយុទ្ធជាមួយសត្រូវឥតស្រមោលដូចជា កូវិដ-១៩ នេះជាដើម រឹតតែមិនត្រូវមើលងាយសភាពការណ៍សោះឡើយ។
បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមិនទាន់រងគ្រោះខ្លាំងដោយសារកូវិដ-១៩នៅឡើយនោះទេ។ នេះគឺដោយសារតែរដ្ឋាភិបាលដឹកនាំដោយសម្តេច នាយករដ្ធមន្ត្រី ហ៊ុន សែន មានភាពឈ្លាសវៃ
ស្គាល់និងវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ និងស្គាល់កាលៈទេសៈ ហើយដឹងថា ពេលណាត្រូវធ្វើអ្វី។ ដំណើរការចាត់ចែងរបស់ សម្តេចនាយក រដ្ឋមន្ត្រីតាំងពីដំណាក់កាលទី១ រហូតដមកដល់ពេលនេះ គឺជាការរៀបចំក្រឡាដើរបានយ៉ាង ល្អទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទើបអាចបញ្ចៀស ប្រទេសជាតិយើងមិនឲ្យធ្លាក់ ចូលក្នុងមហន្តរាយនៃកូវិដ-១៩ រហូតដល់ពេលនេះ ខណៈដែល បណ្តាប្រទេសក្នុងតំបន់និងក្នុងពិភពលោកកំពុងតែធ្លាក់ដុនដាបយ៉ាងខ្លាំងបំផុត។
ដូច្នេះសរុបមកវីញ យើងជា ពលរដ្ឋខ្មែរ គ្មានជម្រើសអ្វីល្អជាងការស្តាប់និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនោះឡើយ ហើយជាពិសេសការខកខានជួបជុំគ្នាម្តងក្នុងពិធីបុណ្យចូលឆ្នាំមិនមែនជារឿងដែលយើងមិនអាចធ្វើបាននោះឡើយ។ ពិធីបុណ្យចូលឆ្នាំនៅតែអាចធ្វើនៅនឹងកន្លែងជាមួយបងប្អូន មិត្តភ័ក្តិ ក្រុមគ្រួសារជា លក្ខណៈទ្រង់ទ្រាយតូចបាន ដដែល។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ «ក្រោយបុណ្យចូលឆ្នាំយើងមានសុវត្ថិភាពពីកូវិដ-១៩ នោះទើបជាដំណឹងល្អ»។
ដូច្នេះ ការខនខានចូលឆ្នាំម្តង ប្រសើរជាងសាកល្បងឆ្លង
កូវិដ-១៩ក្នុងជីវិត។ ខ្ញុំជឿជាក់ថា បងប្អូនខ្មែរយើងអាចធ្វើបាន ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍ យើងចៀសផុតពីកូវិដ-១៩៕ដោយ៖អ្នកនយោបាយតុកាហ្វេ