ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន  អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី  នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះអមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបបានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនដល់គ្រួសារលោក ណុប ណោ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខរបរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីដែលរងគ្រោះដោយអគ្គិភ័យនៅវេលាម៉ោងប្រហែល ៣ និង០០នាទីទៀបភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤អស់ផ្ទះ០១ខ្នង។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះរួមមាន៖

-លោក ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ថវិកា ២លានរៀល ភេសជ្ជៈ៣កេស និងខោអាវ មុងភួយ ចំនួន៤ឃីត។

-សាខាកាកបាទក្រហម អង្ករ ៥០ គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១យួរ ទឹកត្រី១យួរ  ឃីត(មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។

– រដ្ឋបាលស្រុកកូនមុំ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ ទឹកត្រី១យួរ និង ថវិកា ៦២ ម៉ឺនរៀល

-រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ ម៉ឺនរៀល និង ២០ដុល្លារ។

ករណីអគ្គិភ័យនេាះ បណ្តាលឲ្យខូចខាតទាំងស្រុងអស់ផ្ទះ០១ខ្នងប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x១៧ម៉ែត្រ និងសម្ភារក្នុងផ្ទះទាំងអស់ ។

មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ 

លោក ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត 

ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានជម្រាបជូនថា ៖ 

«ជានិច្ចកាល សម្ដេចលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនាអ្វីឡើយ។ 

លោកប្រធានបានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ  ហើយលោកបានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គីភ័យដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។

ហេតុនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវដើម្បីកុំមានការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់មនុស្សស្លាប់ ឬបណ្តាលឱ្យកើតមានអគ្គីភ័យជាដើម៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖