ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំង លើកទី២

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ។ 

យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ ២០២៥ នេះបានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ថ្នាក់ ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៥៨.៧៧០ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផល ស្រូវរដូវប្រាំងឆ្នាំ២០២៥ ដូចតទៅ៖

១. សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី២ ជាបណ្តោះ អាសន្នបន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

២. បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈជាដើម។

៣. ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការជូនដំណឹងរបស់រដ្ឋបាលខេត្តទេនោះ បងប្អូនប្រជាពលរដ្ឋ នឹងខាតបង់ទាំងសម្ភារ ថវិកា និងពេលវេលាជាក់ជាមិនខានឡើយ។

៤. ករណីដែលប្រជាកសិករយើងនៅតែបន្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ បងប្អូន អាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ ជាដើម ។

ទទួលបានសេចក្តីជូនដំណឹងខាងលើនេះ សូម លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាកសិករទូទាំងខេត្ត ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនិង ចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖