ព័ត៌មានទាន់ហេតុការណ៍៖

ចោរអស់ល័ក្ខម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីចាស់ពីស្រុកបាណន់ លួចដូរម៉ូតូថ្មី ទុកម៉ូតូចាស់នៅកន្លែងកើតហេតុ នគរបាលដេញតាមចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់បានជិះម៉ូតូហុងដាឌ្រីមស៊េរីចាស់ពីស្រុកបាណន់ មកឈប់ នៅមុខផ្ទះអ្នកលក់កាមេរ៉ាសុវត្ថិភាព ចំផ្ទះសំណាក់យាយកំពត ក៏បានឈប់ម៉ូតូរបស់ខ្លួនហើយចាក់សោ.ករួចឡើងជិះម៉ូតូថ្មីចេញទៅបាត់ ខណ:ពេលម្ចាស់ចេញរត់តាមដែរតែតាមមិនទាន់ដោយបន្សល់ទុកនូវម៉ូតូចាស់១គ្រឿងនៅកន្លែងកើតហេតុ ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសហការជាមួយនគរបាលស្រុករតនៈមណ្ឌលឃាត់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីរត់គេចបានប៉ុន្មានម៉ោង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យដែលលួចម៉ូតូដោះដូរនោះមានឈ្មោះ វឿត វ៉ន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង  បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះកើតឡើងនៅព្រឹកថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូឈ្មោះ លី ម៉េងជីង បានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា នៅមុនពេលកើតហេតុលោកបានចូលទៅក្នុងផ្ទះដោយចូលយកសម្ភារ:ដើម្បីទៅតកាមេរ៉ាសុវត្ថិភាពឲ្យគេ  លុះចូលបានបន្តិចក៍មានជនសង្ស័យម្នាក់ឡើងជិះម៉ូតូទៅបាត់តែម្តង។ តែជនសង្ស័យក៏ទុកម៉ូតូសង់ ០១គ្រឿងនៅកន្លែងកើតហេតុ ។

ម្ចាស់ម៉ូតូដែលជនសង្ស័យជិះទៅបាត់នោះបន្តថា÷ដោយរូបគាត់បានចូលផ្ទះមួយភ្លេតទើបមិនបានដកសោរម៉ូតូចេញទេដោយទុកសោរនៅជាប់និងម៉ូតូនោះហើយម៉ូតូដែលបាត់ម៉ាក HONDA DREAM ពណ៌ខ្មៅផលិតឆ្នាំ២០២៤ពាក់ស្លាកលេខ ប៉ៃលិន 1D-5761  ចំណែកម៉ូតូជនសង្ស័យដែលអស់ល័ក្ខ ម៉ាក HONDA DREAM ដូចគ្នាតែផលិតឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-0045៕ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញក៏យកវត្តតាងនិងជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖