ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផលឆ្នាំ២០២៤​ និងលេីកទិសដៅអនុវត្តឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២៤​ លោក ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤​ និងលេីកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានសម្ដែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជា ពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន​ តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ។

លោករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន ធ្វេីយ៉ាង ណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋបាលជលផលត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់​ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិត ផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។

ពាក់ព័ន្ធនឹងការងារចុះបង្ក្រាប លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ​ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះផងដែរលោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធីត្រូវយកចិត្តទុកដាក់ជំរុញការងារវារីវប្បកម្ម កៀរគរគម្រោង និងវិស័យឯកជន ចូលរួមវិនិយោគ ដោយសហការផ្តល់ជំនួយបច្ចេកទេស សំដៅដល់ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ការងារធាតុចូលជលផល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា។ 

ការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់ លាស់​ត្រឹមត្រូវ ពង្រឹងនូវខ្សែចង្វាក់តម្លៃដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និងទីតាំងម្ហូបអាហារនានា ក៏ជាការងារសំខាន់ដែលរដ្ឋបាលជលផលត្រូវយកចិត្តទុកដាក់ផងដែរ។ ចំពោះការផ្តល់សេវាសាធារណៈ លោករដ្ឋមន្ដ្រី ជំរុញការធ្វើឌីជីថលូបនីយកម្ម ផ្ដល់សេវាកម្មដល់សាធារណជនតាមប្រព័ន្ធអនឡាញ​ ដែលមានភាពងាយស្រួល​ ទាន់ពេលវេលា​ និងមានការគ្រប់គ្រងច្បាស់លាស់​៕

ដោយ៖ សូរិយា


ចែករំលែក៖