ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលស្រឡាញ់ជាតិនិងទឹកដីតាមរយៈអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនតបត មិនឆ្លើយឆ្លងនៅលើហ្វេសប៊ុក មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនគិតគូររឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរាល់ថ្ងៃលើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងស្រឡាញ់ជាតិនិងទឹកដី អ្នកណាក៏ស្រឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ រហូតដល់ឈានដល់អារិភាពជាមួយប្រទេសជិតខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារជាក់ស្តែង ទៅលើបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិ ដោយផ្អែកទៅលើផែនទីដែលព្រះបរមរតនកោដ្ឋយកទៅតម្កល់ទុកឱ្យយើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រឿងកិច្ចការពារបូរណភាពទឹកដី រឿងកិច្ចការព្រំដែនយើងតែងតែធ្វើជាប្រចាំ ហើយយើងធ្វើសកម្មភាពជាក់ស្តែង គិតវិជ្ជមាន រួមគ្នាធ្វើ ធ្វើអ្វីឱ្យពិតប្រាកដ មិនមែនធ្វើឡើងតាមរយៈការតតាំងគ្នាតាមហ្វេសបុកនោះទេ, រឿងទឹកដីយើងត្រូវការពារ ត្រូវមានការចរចារបោះបង្គោលឱ្យបានសុក្រិតតាមផែនទីផ្លូវច្បាប់របស់យើង។

ស្របជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាងពង្រឹងបូរណភាពទឹកដី និងជម្រុញការអភិវឌ្ឍប្រទេសរបស់យើង លើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ យើងធ្វើរាល់ថ្ងៃ ហើយថ្ងៃនេះក៏ជាកត្តាមួយដែរយើងពង្រឹងធនធានមនុស្ស គឺពង្រឹងភាពម្ចាស់ការរបស់កម្ពុជា ពង្រឹងភាពម្ចាស់ការ ក្នុងការឯករាជ្យ អធិបតេយ្យកំណត់ជោគវាសនាខ្លួនឯង នេះហើយយើ់ងធ្វើរាល់ថ្ងៃស្រលាញ់ជាតិនោះ»៕

ដោយ ៖ សិលា


ចែករំលែក៖