សារព័ត៌មាន Reuters បានផ្សាយថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធនៃប្រទេសរុស្ស៉ី FSB បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ថា ខ្លួនទប់ស្កាត់បាននូវផែនការមួយចំនួនរបស់ទីភ្នាក់ងារចារកម្មអ៊ុយក្រែន ដែលមានគោលដៅធ្វើឃាតក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៉ី និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងទីក្រុងមូស្គូ តាមរយៈការប្រើប្រាស់គ្រាប់បែកបន្លំធ្វើជាឧបករណ៍ធម្មតា។
ទីភ្នាក់ងារ FSB បាននិយាយថា ផែនការប៉ុនប៉ងធ្វើឃាតមួយចំនួនដែលមានគោលដៅលើមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៉ី ត្រូវទប់ស្កាត់បាន ខណៈពលរដ្ឋរុស្ស៉ីចំនួន៤នាក់ ដែលមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពត្រៀមរៀបចំសម្រាប់ការវាយប្រហារទាំងនោះ ត្រូវបានឃាត់ខ្លួន។ FSB បានអះអាងថា ពលរដ្ឋរុស្ស៉ីទាំងនោះ ត្រូវបានអូសទាញដោយទីភ្នាក់ងារចារកម្មអ៊ុយក្រែន។
ទីភ្នាក់ងារចារកម្មអ៊ុយក្រែន SBU បានសម្លាប់ឧត្តមសេនីយ៍រុស្ស៉ីម្នាក់ ឈ្មោះ Igor Kirillov ដែលមានតួនាទីជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៉ី កាលពីថ្ងៃទី១៧ ខែធ្នូ ក្នុងទីក្រុងមូស្គូ នៅខាងក្រៅអគារអាផាតមិនដែលលោកស្នាក់នៅ តាមរយៈការបំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងយានអគ្គិសនី scooter ១គ្រឿង។ រុស្ស៉ីបានហៅការធ្វើឃាតនោះថា ជាការវាយប្រហារភេរវកម្ម និងប្តេជ្ញាសងសឹកលើអ៊ុយក្រែនវិញ៕ ដោយ៖ ធីរីណា
រូបថត៖ Tass