ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរតនគិរីប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីដល់មន្ត្រីរាជការសាលាខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន បានផ្តាំផ្ញើត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤ដល់អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មីនាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារD សាលាខេត្តរតនគិរី នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមប្រកាសស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំងលោក មុឹង សុីនាថ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខេត្តរតនគិរី។

យោងតាមដីកាស្តីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្តីរាជការរបស់រដ្ឋបាលខេត្តរតនគិរី សម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូប ចំណុះរចនាសម្ព័ន្ធសាលាខេត្តរតនគិរី ដូចខាងក្រោម៖

១.លោក មួង មករា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលាខេត្ត។

២.លោក វ៉ាន់ ជាលី  ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។

ប្រគល់ភារកិច្ចជូនលោក ឈាង សុភ័ក្ត្រ  ក្របខ័ណ្ឌលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃ ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះ រចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី។

លោក ញ៉ែម អំអឿន អភិបាលខេត្តរតនគិរី បានធ្វើការផ្តាំផ្ញើដល់អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ជានាយក នាយករងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនាថ្ងៃនេះ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តគ្រប់ថ្នាក់ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤រួមមាន៖

១. ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពសាលាខេត្ត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងាររបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយការងាររដ្ឋបាល និងការងារដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ។

២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ 

មន្ត្រីរាជការត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវមានសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពសម្រាប់ខេត្តរតនគិរី។

៣.ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនា សម្ព័ន្ធសាលាខេត្ត ព្រមទាំងត្រូវរៀបចំនិងដាក់ឲ្យអនុវត្តឡើងវិញនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការគ្រប់ទីចាត់ការ អង្គភាព ចាប់ពីនាយករដ្ឋបាលរហូតដល់មន្ត្រីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ។

៤.ត្រូវស្លៀកពាក់ឯកសណ្ឋានមន្ត្រីរាជការស៊ីវិលអោយបានសមរម្យដើម្បីធ្វើជាគំរូល្អដល់មន្ត្រីថ្នាក់ក្រោមអង្គភាព និងត្រូវចូលរួមសហការគ្នាសម្អាត អនាម័យបរិស្ថានក្នុងនិងក្រៅសាលាខេត្តអោយបានស្អាត។

លោកអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជារាជរដ្ឋាភិបាលបន្តវេនក្រោមការដឹកនាំដ៏ប៉ិនប្រសប់ វាងវៃ ទន់ភ្លន់តែម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យម កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ ២០៥០៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖