ព័ត៌មានទាន់ហេតុការណ៍៖

លេចឮដំណឹងថា នារីស្រស់ស្អាត ឈ្មោះ ជា ថាណាកា ដែលស្រវឹងស្រាបើករថយន្តបុកបុរសម្នាក់ស្លាប់នោះ ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ តែសំណុំរឿងកំពុងបន្តនីតិវិធី​

ចែករំលែក៖

ភ្នំពេញ៖ ប្រភពបានបញ្ជាក់ថា បន្ទាប់ពីនារីបង្កហេតុ ឈ្មោះ ជា ថាណាកា ដ៏ស្រស់ស្អាត ជាតារា និងមានមុខជំនួញផងដែរនោះ បានបើករថយន្តស៊េរីទំនើប ទាំងស្រវឹងបុកម៉ូតូបុរសម្នាក់ពីក្រោយ បណ្តាលឲ្យស្លាប់នោះ នារីបង្ករូបនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ខណៈបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានរយៈពេលមួយថ្ងៃដោះលែងវិញ មានន័យថា ( ព្រឹកបញ្ជូនខ្លួន ល្ងាចដោះលែង)។ នេះគ្រាន់តែជាប្រភពខាងក្រៅរបងតុលាការនៅឡើយទេ ខណៈអ្នកនាំពាក្យអយ្យការ លោក ប្លង់ សុផល សួរតាម គ្រុប​ Telegram  អ្នក​នាំពាក្យ លោកមិនឆ្លើយតប ឬបកស្រាយបញ្ជាក់។

ប្រភពបន្ថែមថា ជុំវិញនៃការដោះលែងនេះ ក្រុមគ្រួសារជនបង្កនិងក្រុមគ្រួសារជនរងគ្រោះបានចរចាគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសំណងរដ្ឋប្បវេណី  រហូតជនរងគ្រោះបានដកពាក្យបណ្ដឹងវិញ ។  ប៉ុន្តែទោះជាយ៉ាងណាជនបង្កនៅជាប់បណ្ដឹងអាជ្ញាដែលត្រូវអនុវត្តទោសព្រហ្មទណ្ឌ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យភាគីម្ខាងបានស្លាប់បាត់បង់ជីវិត ហើយអ្នកបើកបរស្ថិតក្នុុងស្ថានភាពស្រវឹង ទៀតផង។

សូមបញ្ជាក់ថា:  នារីស្រស់ស្អាតម្នាក់នេះ មានឈ្មោះ ជា ថាណាកា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មានជំនួញក្រុមហ៊ុន១  ហើយក៏ជា តារាផងដែរ រួមទាំងជាកូនអ្នកមានទ្រព្យស្តុកស្តមថែមទៀតផង។ គាត់ជានារីដ៏ស្អាតសោភា មានចំណេះដឹងជ្រៅជ្រះ មានប្រវត្តិ រៀននៅប្រទេសប៉ែកអឺរ៉ុប ចេះជាច្រើនភាសា ប៉ុន្តែដោយឥទ្ធិពលស្រា ធ្វើឲ្យគាត់នឹងមិត្តភក្កិរបស់គាត់ បើករថយន្តទំនើប ទាំងយប់អធ្រាត្រ ពេញផ្លូវ បណ្ដាលឲ្យបុក ជនរងគ្រោះកំពុងជិះម៉ូតូអាគុយបណ្ដាលឱ្យស្លាប់។

ពាក់ព័ន្ធនីតិវិធីនៅស្ថាប័នតុលាការ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនខ្លួន នារីជាជនសង្ស័យទៅកាន់តុលាការ ហើយស្របពេលកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ កំពុងបើកការសាកសួរ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាននគរវត្ត បានទំនាក់ទំនងទៅកាន់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈគ្រុប តេលេក្រាម ថា ( ចំពោះករណី មន្ត្រីចរាចរណ៍ផ្លូវគោក បានបញ្ជូននារីម្នាក់ជាម្ចាស់រថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ រហូតភាគីម្ចាស់ម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ ចំណុចផ្លូវ សហព័ន្ធរុស្ស៊ុី មុខអាកាសយាន្តដ្ឋាន ពោធិ៍ចិនតុងអន្តរជាតិ កាលពីយប់ឈានចូលថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០២៣។ តើពេលនេះតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទអ្វីដែរ??) លោក ប្លង់ សុផល បានឆ្លើយតបថា ខ្ញុំនឹងឆែកជូន។

លុះរសៀលថ្ងៃទី៥ ខែឆ្នាំដដែល អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាននគរវត្តយើងបាន ទំនាក់ទំនងទៅកាន់ លោក ប្លង់ សុផល ម្តងទៀត តាមប្រព័ន្ធតេលេក្រាម (សូមគោរពបងអ្នកនាំពាក្យអយ្យការ ចំពោះករណី នារីម្នាក់បើករថយន្តបុកជនរងគ្រោះស្លាប់ នៅពេលនេះលឺប្រភពថា ខាងជនបង្ក បានចចារជាមួយភាគីសាច់ញាតិជនរងគ្រោះ រហូតជនរងគ្រោះបានដក ពាក្យបណ្តឹង… ប៉ុន្តែជនបង្កនៅជាប់បណ្តឹងអាជ្ញា ដែលត្រូវអនុវត្តនីតិវិធី !! តើពិតមែនទេ ។ គាត់មិនបានធ្វើការឆ្លើយតបឡើយ ។ រហូតដល់តំណាងឲ្យមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សួរនាំក្នុងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ បានប្រាប់តាមទូរស័ព្ទថា, ចំពោះបញ្ហានេះខ្ញុំបានប្រាប់ទៅខាងអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ម្នាក់ដែលបានសួររួចមកហើយ រួចក៏បិទទូរស័ព្ទ ។

សូមបញ្ជាក់ថា, ចំពោះបញ្ហានេះមួយ ហាក់ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ អ្នកនាំពាក្យអយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ ហាក់រុញរាក្នុងការឆ្លើយ បន្ទាប់ពីសារព័ត៌មានត្រូវបានសួរតាមប្រព័ន្ធ Telegram ដែលជាគ្រុបផ្លវការ តែងមានទំនាក់ទំនង រវាងអ្នកនាំពាក្យអយ្យការ ជាមួយនឹងអ្នកយកព័ត៌មានតាមបណ្ដាអង្គភាពសារព័ត៌មាននានា។

ជាមួយនឹងសំណួរទៀតថា, ប្រភពបន្តថា ជនសង្ស័យ ជានារីស្រស់ស្អាតនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ!! តែសំណុំរឿងនៅតែបន្តនីតិវិធី។ តើរឿងនេះជាការពិតទេ?? ហើយសំណុំរឿងបន្តនីតិវិធីដល់ណាហើយបាទ?? ) លោក ប្លង់ សុផល បានចូលមើលតែពុំបានឆ្លើយតបនោះឡើយ។ ខណៈជាក់ស្តែង នៅព្រឹកថ្ងៃទី៥នេះ សំណុំរឿងបង្កគ្រោះថ្នាក់ចរាចរណ៍ កំពុងអនុវត្តនីតិវិធី តែជនសង្ស័យមិនបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ម្តងទៀតឡើយ ដែលយោងតាមប្រភពខាងក្រៅ ជនសង្ស័យត្រូវបានដោះលែងតាំងពីល្ងាចថ្ងៃទី៤។

សូមរំលឹកថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូអាគុយសុខៗត្រូវបាននារីស្រស់ស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៣ត្រង់ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលើកអីវ៉ាន់ក្នុងព្រលានយន្តហោះពោធិ៍ចិនតុង រស់នៅខាងក្រោយស្រាបៀរអង្គរ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីបុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌាបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា: ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿន លឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាកFORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ2BW.0080 បើកបរដោយ នារីស្រស់ស្អាតម្នាក់និងរួមដំណើរដោយបុរសបីនាក់ទៀត បើកលឿនរេពេញផ្លូវដោយសារតែស្រវឹងបានមកបុកម៉ូតូអាគុយ អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបើកម៉ូតូអាគុយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំពោះជនបង្ក នារីស្រស់ស្អាត ឈ្មោះ ជា ថាណាកា ដែលស្រវឹងស្រាបើករថយន្តបុកបុរសម្នាក់ស្លាប់នោះ ត្រូវបានដោះលែងឲ្យមានសេរីភាព មែននោះ ជាចម្ងល់មួយយ៉ាងច្រើន ពីមជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ ពីព្រោះថា , គ្រួសារជនរងគ្រោះទទួលបានសំណងរដ្ឋប្បវេណី ដោយឡែកចំពោះបណ្ដឹងអាជ្ញា នៅតែបន្ត គ្រាន់តែករណីនេះ បន្តបណ្ដឹងអាជ្ញាមែន គឺបន្តតែសំណុំរឿង ចំពោះជនបង្ក ត្រូវបានបាត់ដំណឹងឈឹង មិនមានការបកស្រាយណាមួយថាដោះលែង ឬក៏បញ្ជូនតែសំណុំរឿង ក្នុងដំណាក់កាលអយ្យការ ឬមួយយ៉ាងណាទេ។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពង្រឹង ចំពោះវិស័យច្បាប់នេះ ។ ប៉ុន្តែក្នុងករណីរឿងនេះ មិនដឹងថាស្ត្រីជាជនបង្កស្រីស្អាត មានការអន្តរាគមន៍ មានអំណាច ឬឥទ្ធិពលបែបណាទេ ខណៈមិនមានព័ត៌មានថាគាត់  ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ឬបញ្ជូនទាំងសំណុំរឿង និងជនបង្ក ដើម្បីបើកការស៊ើបសួរតាមនីតិវិធីនោះ។

ពាក់ព័ន្ធក្នុងករណីរឿងនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, នារីបង្កហេតុបើកឡានទាំងស្រវឹង បុកបុរសម្នាក់ដែលជិះម៉ូតូអាគុយស្លាប់នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង ខាង មន្ត្រីជំនាញនគរបាលចរាចរណ៍ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កទៅអយ្យការ តាំងពីម្សិលម្ងៃម្ល៉េះ ។ លោកបន្តថា , ចំពោះចំណាត់ការតុលាការយ៉ាងណាៗនោះ ខាងខ្ញុំអត់ដឹងទេ ពីព្រោះផុតដៃមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ហើយ ដោយសារបានបញ្ជូនសំណុំរឿងនិងបញ្ជូនជនបង្កទៅតុលាការ តាំងពីម្សិលម្ងៃម្ល៉េះ ៕

សូមបញ្ជាក់ថា៖ នៅវេលាម៉ោង៤និង៥០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាយ ហុង អ្នកនាំពាក្យអយ្យការ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមប្រព័ន្ធគ្រុប Telegram ថា ៖ សូមជម្រាបបងប្អូនអ្នកសារពត៌មានថា: ករណីខាងលេីនេះ ត្រូវបានតំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊េីបសួរ លេីជនសង្ស័យពីបទ:  បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហេីយ ៕

សូមអរគុណ!

ដោយ ៖  រ៉ា រ៉ា


ចែករំលែក៖