ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាពុំអនុញ្ញាតឱ្យមានការដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ព្រោះសកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមនៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំនៃអាជ្ញាធរជាតិអប្សរានៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ពីខាងអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
អ្នកស្រី ចាន់ ឧត្តមបញ្ញា បញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១១មក អាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងច្បាស់លាស់ជូនអាជីវករធ្វើការលក់ដូរ ដើម្បីរក្សារបៀបរៀបរយស័ក្តិសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ដួចនេះ ការហាមឃាត់អ្នកលក់ដូរចល័តថ្មីៗនៅតាមតំបន់នានាក្នុងរមណីយដ្ឋានអង្គរនេះគឺដើម្បីរក្សាសោភណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដែលជាភាពទាក់ទាញ នៃវិស័យទេសចរណ៍និងតម្លៃបេតិកភណ្ឌរបស់យើង។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានករណីផ្ទុះការរិះគន់មកលើមន្ត្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរានៅលើបណ្ដាញសង្គមនានា បន្ទាប់ពីក្រុមមន្ត្រីទាំងនោះបានចុះទៅហាមឃាត់បុរសជាអ្នកលក់ដូរចំណីអាហារតាមរ៉ឺម៉កម្នាក់ នៅក្នុងក្រុងអង្គរធំ ដោយចោទថា ទង្វើហាមឃាត់របស់មន្ត្រីអាជ្ញាធរជាតិអប្សរានេះហាក់តឹងរឹងជ្រុលដល់អ្នកលក់ដូរតូចតាចឬពលរដ្ឋក្រីក្រជាដើម ៕
ដោយ ៖ សហការី