ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបើកការស្រាវជ្រាវករណីជនស៉ីវិលម្នាក់ ដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ហើយអះអាងថា «ជានគរបាលព្រហ្មទណ្ឌក្រសួង»!

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃើញនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ហើយភ្ជាប់ជាមួយខ្លឹមសារថា «ដកកាំភ្លើងអាមេគំរាមរួចបោះពាក្យសម្ដីថា ខ្លួនធ្វើការនៅព្រហ្មទណ្ឌក្រសួង»។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប្រធាននាយកដ្ឋាន, ការិយាល័យជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងស៉ើបអង្កេតករណីនេះឲ្យបានម្មត់ចត់បំផុត។ ក្នុងករណីរកឃើញថា បុគ្គលនេះជាមន្ត្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នាយកដ្ឋានមិនគាំទ្រជាដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ដោយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង។

ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះមិនមែនជាកងកម្លាំង ហើយយកឈ្មោះអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ, នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងឲ្យរហ័សជាទីបំផុត។

អាស្រ័យហេតុនេះ សូមសាធារណៈជន ឬបណ្ដាញព័ត៌មាន មេត្តាផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធករណីនេះ ឬអត្ដសញ្ញាណរបស់បុគ្គលខាងលើ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងមានមូលដ្ឋានបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមថ្លែងអំណរគុណចំពោះការសហការផ្ដល់ព័ត៌មានរបស់អស់លោកអ្នក៕

ដោយ ៖ សហការី


ចែករំលែក៖