ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។
នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទជាលើកទី៣នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់នូវផែនការការងារដែលត្រូវអនុវត្តបន្ត ដោយទំព័រប្រវត្តិសាស្រ្ត១០០ថ្ងៃ ដែលជាដំណាក់កាលអន្តរកាល ក្នុងការសិក្សាស្រាវជ្រាវអំពីការងារបរិស្ថានត្រូវបានបិទបញ្ចប់ ដោយទទួលបានមកនូវភាពជោគជ័យក្រោមកិច្ចសហការ និងសាមគ្គីភាពអំពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។ ឈានដល់ទំព័រថ្មីមួយទៀត គឺជាដំណាក់កាលធ្វើប្រក្រតីភាព និងពង្រឹងកិច្ចការងារបរិស្ថាន ដែលដំណាក់កាលនេះមានរយៈពេល ៦ខែបន្តទៀត ហើយនឹងបន្តបោះជំហានទៅមុខជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ ឈានឆ្ពោះទៅសម្រេចបានកម្មវិធីនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្នាំ ២០២៣ – ២០២៨ ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីថ្លែងថា សៀវភៅយុទ្ធសាស្រ្តចក្រា ឆ្នាំ ២០២៤-២០២៨ ដែលមានភាសាខ្មែរ ៤៤ទំព័រ និងភាសាអង់គ្លេស ៣៧ទំព័រ គឺមានទំព័រពណ៌សទុកសម្រាប់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់កត់ត្រាចំណាំនូវពាក្យគន្លឹះមួយចំនួន និងផែនការដែលត្រូវអនុវត្តបន្ត។
យោងលើភាពជោគជ័យក្នុងរយៈពេល ១០០ថ្ងៃកន្លងមក លោករដ្ឋមន្ត្រីមានជំនឿជាក់ថា មន្រ្តីបរិស្ថានគ្រប់ជាន់ថ្នាក់ទាំងអស់អាចធ្វើបាន ព្រោះយើងមានបេះដូងខ្មែរ ហើយគឺជាខ្មែរតែមួយ ៕
ដោយ ៖ សហការី