ភ្នំពេញ ៖ យោងតាមទំព័រវេបសាយ Dictionary.com បង្ហាញថាអ្វីទៅជាអត្ថន័យនៃពាក្យថា <<ពាណិជ្ជកម្ម ឬ Commerce>> សំដៅដល់ផ្នែកមួយនៃការជួលដូរ (Trade) ឬផលិតកម្ម (Production) ដែលដោះស្រាយជាមួយនឹងការដោះដូរទំនិញ និងសេវារវាងគ្នា នៅក្នុងទីផ្សារ។ វាជាការជួញដូរគ្នានៅក្នុងតម្លៃសេដ្ឋកិច្ច ដូចជាការជួញដូរទំនិញ សេវា ព័ត៌មាន ឬប្រាក់ រវាងមនុស្សពីរនាក់ ឬក្រុមពីរ ឬសហគមពីរនិង/ឬច្រើន។
ចុះអ្វីទៅជា <<ពាណិជ្ជកម្មតាមប្រព៍ន្ធអេឡិកត្រូនិក ឬ E-commerce>> ?
គឺជាការដឹងជារួមរបស់យើងគ្រប់គ្នា អាចហៅថា <<ទីផ្សារអេឡិកត្រូនិក ឬ Electronic Marketing>>។
វាជាការលក់ និងការទិញទំនិញ ឬសេវា នៅលើប្រព៍ន្ធអេឡិកត្រូនិក (Electronic System) ដូចជា អ៊ីនធឺណិត ឬបណ្តាញកុំព្យូទ័រដទៃទៀត។
ពាណិជ្ចកម្មតាមប្រព័ន្ធអេឡិកត្រូនិក គឺជាការទិញ ការលក់ ឬការដោះដូរទំនិញ សេវា ព័ត៌មាន ឬប្រាក់ នៅលើបណ្តាញកុំព្យូទ័រ ហៅថា អ៊ីនធឺណិត ដែលតាមរយៈនោះប្រតិបត្តិការ ឬបញ្ជីនៃការលក់ ត្រូវបានប្រព្រឹត្តទៅជាអេឡិកត្រូនិក។
តើអ្វីទៅជាផលចំណេញ និងភាពខុសគ្នារវាង <<ពាណិជ្ជកម្មបែបបុរាណ>> និង <<ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក>>?
១) ពាណិជ្ជកម្មបែបបុរាណ៖ ដើម្បីផ្តល់ផលប្រយោជន៍ដល់អតិថិជនរបស់ក្រុមហ៊ុនខ្លួន ១០០% គឺបណ្តាពាណិជ្ជករ ឬក្រុមហ៊ុនត្រូវធ្វើការងារទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដោយចំណាយជូន៖
+ អង្គភាពផលិត ២០%
+ អ្នកចែកចាយឬឈ្មួញកណ្តាល ១០%
+ អ្នកលក់ដុំ ១០%
+ អ្នកលក់រាយ ១០% និង
+ ការធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម ៥០%
២) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក៖ ដើម្បីផ្តល់ផលប្រយោជន៍ដល់អតិថិជនរបស់ក្រុមហ៊ុនខ្លួន ១០០% គឺបណ្តាពាណិជ្ជករ ឬក្រុមហ៊ុន មិនបាច់ចំណាយដូចខាងលើទាំងអស់ គឺគ្រាន់ចំណាយទៅលើការរៀបចំវេបសាយ ឬគេហទំព័រលក់របស់ខ្លួន និងតភ្ជាប់ប្រព័ន្ធទាំងនោះជាមួយនឹងបណ្តាញអ៊ីធឺណិត គឺពាណិជ្ជករ ឬក្រុមហ៊ុនអាចលក់ដោយផ្ទាល់ទៅដល់ដៃអតិថិជនទាំងស្រុង។
ហេតុអ្វីបានជាយើងត្រូវប្រើប្រាស់ <<ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត>>?
គឺវាធ្វើឱ្យ៖
+ កាត់បន្ថយតម្លៃចូល
+ កាត់បន្ថយតម្លៃប្រតិបត្តិការ
+ ផ្តល់លទ្ធភាពដល់ការលុកចូលទៅក្នុងទីផ្សារសកល
+ សេ្ថរភាពចំណែកទីផ្សារ
ប្រវត្តិសង្ខេបពីការកកើតឡើងនូវ <<ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត>>៖
+ នៅក្នុងឆ្នាំ១៩៧០៖ កកើតឡើងនូវការផ្ទេរប្រាក់អេឡិកត្រូនិក ហៅថា Electronic Funds Transfer (EFT)
+ នៅចុងឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៨០៖ កកើតឡើងឡើងនូវអន្តរដោះដូរទិន្នន័យអេឡិកត្រូនិក សម្រាប់ពាណិជ្ជកម្មអេឡិកត្រូនិក នៅក្នុងក្រុមហ៊ុន។
+ នៅក្នុងឆ្នាំ១៩៩០៖ កកើតឡើងនូវ WWW នៅលើអ៊ីនធឺណិត ផ្តល់បច្ចេកវិទ្យាងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។
ដំណើរការនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក៖
+ អតិថិជនប្រើប្រាស់ Web Browser ដើម្បីតភ្ជាប់ទៅនឹងគេហទំព័រ (ផេក) នៃវេបសាយរបស់ឈ្មួញ នៅលើអ៊ីនធឺណិត។
+ អតិថិជនអាចទាញយកបញ្ជី ឬកាតាឡុកទំនិញដែលខ្លួនពេញចិត្ត នោក្នុងវេបសាយទាំងនោះ ហើយជ្រើសរើសទំនីញទាំងនោះ ដើម្បីទិញ។ បញ្ជីទំនិញដែលអតិថិជនជ្រើសរើសនោះ គឺវាស្ថិតនៅក្នុងអេឡិកត្រូនិក សមមូលដូចទៅនឹងតូបលក់ចឹងដែរ។
+ នៅពេលអ្នកទិញឬអតិថិជន បានជ្រើសរើសទំនិញរបស់ខ្លួនហើយ នោះឈ្មួលនឹងចេញវិក័យបត្រជាអេឡិកត្រូនិក ហើយវេចខ្ចប់ និងប្រគលជូនមកអ្នកទិញ ទៅតាមអាសយដ្ឋាន។
+ នៅពេល សេរូបករណ៍វេបសាយរបស់ឈ្មួញទទួលបានរាល់ព័ត៌មានរបស់អតិថិជនរួចរាល់ហើយ វាគណនាតម្លៃ និងធ្វើការបញ្ជាទិញ រាប់បញ្ចូលពន្ធអាករ ថ្លៃដឹកជញ្ជូន និងដោះដូរនិងប្រគល់ទំនិញ ទៅឱ្យអតិថិជន។
+ អតិថិជនអាចប្រើក្រដីតកាត ដើម្បីចំណាយលើការទិញនោះ ទៅឱ្យឈ្មួញតាមការបញ្ជាទិញ លើប្រព័ន្ធអ៊ីនធឺណិត។
+ ឈ្មួញក៏ប្រាប់មកអតិថិជនវិញតាមប្រព័ន្ធអ៊ីនធឺណិតដូចគ្នា។
ប្រភេទនៃពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត រួមមាន៖
+ ធុរកិច្ចជន ទៅធុរកិច្ចជន (Business to Business – BTB)
+ ធុរកិច្ចជន ទៅអតិថិជន (Business to Customers – BTC)
+ ធុរកិច្ចជន ទៅបុគ្គលិកបម្រើការងាររបស់ខ្លួន (Business to Employees – BTE)
+ អតិថិជន ទៅអតិថិជន (Customer to Customer – CTC)
ផលប្រយោជន៍របស់ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត បានរៀបរាប់ខាងលើរួចហើយ តែពេលនេះសូមនិយាយអំពីគុណវិប្បត្តិរបស់វា រួមមានដូចតទៅ៖
+ មិនត្រួតពិនិត្យច្បាស់ដោយផ្ទាល់អំពីផលិតផល
+ មិនមែនមនុស្សទាំងអស់អាចតភ្ជាប់ទៅបណ្តាញអ៊ីនធឺណិតឡើយ
+ អាចមានលទ្ធភាពទទួលការបោកបញ្ឆោតនិងលួចលេខកូដក្រឌីតកាត
+ មានតែប្រមាណជា ១/៩ ភាគប៉ុណ្ណោះ ដែលបានទំនិញមានក្នុងស្តុក នៅលើបណ្តាញ។
សូមសិក្សាបន្តទៀត បងប្អូន នេះគ្រាន់តែជាអត្ថបទជំនួយស្មារតីខ្លះៗបង្ហាញពីអ្វីទៅជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ប៉ុណ្ណោះ៕
ដោយ ៖ លោម អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួង