ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អញ្ជើញសំណេះសំណាលជាមួយ សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត ចំនួន ៩នាក់ មកពី៨ភូមិ ៧ឃុំសង្កាត់ ៤ក្រុងស្រុកនៃខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ លោក សុខ លូ  បាននាំប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស  ទោះបីជា មានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ  រហូតប្រឡងបាននិទ្ទេស (A)។ 

លោក បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។  

បើតាមលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៩៣៥១នាក់ ស្រី៥១៣៧នាក់ ប្រឡងជាប់៦,១៥៣នាក់ស្រី៣,៦៤១នាក់(៦៧.១៣%)ក្នុងប្រឡងជាប់និទ្ទេសA ចំនួន៧៧នាក់ ស្រី៤៤នាក់, និទ្ទេសB ចំនួន៣៥៤នាក់ស្រី២២៣នាក់,និទ្ទេសCចំនួន ១០៥៩នាក់ ស្រី៦៨០នាក់, និទ្ទេសD ចំនួន ២,០៩០នាក់ស្រី១,៣០២នាក់,និងនិទ្ទេសE ចំនួន២,៥៧៨នាក់ ស្រី១,៣៩២នាក់។

អំណោយមនុស្សធម៌ដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ កុំព្យូទ័យូដៃ១គ្រឿង,

 អង្ករ ១០០ គីឡូក្រាម,មី ៥ កេស,ទឹកត្រី ៥ យួរ,ទឹកត្រី៥ យួរ,ត្រីខ ៥ យួរ,ឃីត(មុង ,ភួយ,ក្រមា ) និងថវិកាមួយចំនួនផងដែរ ក្នុងនោះឯកឧត្តមក៏បានឱ្យក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា រៀបចំកសាងផ្ទះមួយខ្នង ជូនដល់ក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារនៃសិស្សនិទ្ទេសA ដែលមានជីវភាពលំបាកជាងគេ ៕

ដោយ ៖ សហការី


ចែករំលែក៖