ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិប្រទេសហ្គាណា(Ghana)មាន បំណងចង់ឲ្យមានការផ្លាស់ប្តូរសិក្ខាកាមយោធារវាងប្រទេសទាំងពីរ កម្ពុជា-ហ្គាណា ក្នុងការហ្វឹកហ្វឺនបណ្តុះបណ្តាលវិស័យកងទ័ព

ចែករំលែក៖

ហ្គាណា៖ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទី ក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ ហ្គាណា( Ghana ) ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីការពារជាតិហ្គាណា បង្ហាញពីបំណងចង់ឲ្យមានការផ្លាស់ប្តូរសិក្ខាកាមយោធារវាងប្រទេសទាំងពីរ កម្ពុជា ហ្គាណា ក្នុងហ្វឹកហ្វឺនបណ្តុះ បណ្តាលវិស័យកងទ័ព ។ លោករដ្ឋមន្ត្រីការពារជាតិ ហ្គាណា ក៏បានលើកឡើងផងដែរ អំពីការផ្លាស់ប្តូរបទពិសោធន៍លើជំនាញកំទេចគ្រាប់មិនទាន់ផ្ទុះ ដែលកម្ពុជា បានកំពុងអនុវត្តមុខជំនាញនេះក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន ។ 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិហ្គាណា នាយឧត្តម សេនីយ៍ ទៀ សីហា បានពាំនាំការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្លែង អំណរគុណចំពោះប្រទេស ហ្គាណា (Ghana) ក្នុងការ រៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅ ពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថាឆ្នាំ២០២៣ នេះគឺជាខួបទី៣១ ឆ្នាំ ដែលប្រទេស  Ghana បានបញ្ជូនកម្លាំងចូលរួមបេសកកម្ម អ៊ុនតាក់ (UNTAC) និងមានសមាជិក ២នាក់ បានពលី ក្នុងបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងដើម្បីបុព្វហេតុសន្តិភាព ក្នុងប្រទេសកម្ពុជា ។ 

ជាចុងក្រោយនាយឧត្តមសេនីយ៍ ទៀ សីហា ស្នើសុំឱ្យអតីតកងកម្លាំងអ៊ុនតាក់ ដែលធ្លាប់បំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ទៅបំពេញទស្សនកិច្ចនៅព្រះរាជជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលការអភិវឌ្ឍរីកចំរើន នៅប្រទេសកម្ពុជា ក្រោយពីកម្ពុជា បានទទួលសុខសន្តិភាពក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖