ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ជា ពៅ ៖ ប្រព័ន្ធ Hotline Scam 24/7 នឹងដើរតួនាទីសំខាន់ក្នុងការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួល និងសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយប្រព័ន្ធ Hotline Scam 24/7 ដែលរៀបចំឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាគ្រូបង្គោល និងស្នងការរង នាយ-នាយរងការិយាល័យ និងនាយ-នាយរងផ្នែក ដែលជាសិក្ខាកាម មកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។

លោក ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាមដែលបានចូលរួម និងមានមតិសំណេះសំណាលជាមួយសិក្ខាកាមព្រមទាំងបានប្រកាសផ្សព្វផ្សាយអំពីប្រព័ន្ធ Hotline Scam របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ដំណើរការនាពេលកន្លងមក ក៏ដូចជាធ្វើការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា នាពេលអនាគតប្រព័ន្ធ Hotline Scam នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ហើយតម្រូវឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់អំពីប្រព័ន្ធខាងលើនេះ ក៏ដូចជាត្រូវមានជំនាញ និងចំណេះដឹងអំពីបទល្មើសបច្ចេកវិទ្យា។

លោកអគ្គស្នងការរងនគរបាលជាតិ បានបន្តថា អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ បានដឹងហើយ បច្ចុប្បន្ននេះ គឺយើងនិយាយអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ឯកឧត្តមបានលើកយកមួយចំណុច គឺកសាងធនធានមនុស្ស តែទន្ទឹមនឹងកសាងធនធានមនុស្សបាន ល្គឹកណារដ្ឋាភិបាលជារដ្ឋាភិបាលឌីជីថល ។ ដូច្នេះហើយវគ្គឌីជីថលនេះ បង្កើតឡើងដោយផ្អែកលើគោលការណ៍របស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោកនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតឲ្យមានវគ្គនេះឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ឯក ជា ពៅ បានស្នើសុំឲ្យសិក្ខាកាមដែលបានចូលរួមវគ្គខាងលើនេះ ជួយធ្វើការចែករំលែកចំណេះដឹងបន្តទៅតាមបណ្តាអង្គភាពសាមីរបស់ខ្លួន ហើយនៅថ្ងៃខាងមុខនឹងមានការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងទៅដល់មន្រ្តីតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៕

ដោយ ៖ សហការី


ចែករំលែក៖