ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនរបស់ប្រទេសចិន១គ្រោងនឹងដាក់ទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តនេះមិនទាន់មានអាងចម្រោះទឹកកខ្វក់ចេញពីបណ្តារោងចក្រ សហគ្រាសនៅឡើយ។ នេះបើតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន៣៩៤កន្លែង ហើយចំនួននេះនិងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ ២០២៤ តែខេត្តនេះមិនទាន់មានរោងចក្រដែលអាចស្តុក និងចម្រោះទឹកកខ្វក់ដែលបង្ហូរចេញពីរោងចក្រ សហគ្រាស ដើម្បីចម្រោះឱ្យស្អាតត្រឹមត្រូវ មុននឹងបង្ហូរចូលទៅក្នុងបឹង អូរ ស្ទឹងនៅឡើយ។ ដោយមើលឃើញពីកង្វះអាងចម្រោះទឹកនេះ ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិនក៏បានគ្រោងបោះទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ប្រមាណជា ៥០លានដុល្លា លើរង្វង់ផ្ទៃដីរដ្ឋប្រមាណជា ៣០ហិកតា ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ហើយគ្រោងសាងសង់នៅដើមឆ្នាំ២០២៤។
លោក វ៉ី សំណាង បានបញ្ជាក់ថា ប្រតិភូក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយបានចុះពិនិត្យសិក្សាស្វែងយល់រួចហើយលើទីតាំងដែលគ្រោងបង្កើតរោងចក្រនោះ ដោយក្រុមការងារបាន សម្រេច និងកំណត់យកទីតាំងខាងលើជាកន្លែងដែលត្រូវសាងសង់រោងចក្រ ហើយក្នុងនោះប្រតិភូក៏បានសុំឱ្យអាជ្ញាធររក្សាទុកនូវដើមឈើដែលមានស្រាប់ផងដែរ។
លោក វ៉ី សំណាង រំពឹងដែរថា នៅពេលដែលរោងចក្រចម្រោះទឹកស្អាតនេះកើតឡើង ការបំពុលទឹកដែលកើត ឡើងពីកាកសំណល់ចេញពីបណ្តារោងចក្រ,សហគ្រាស ផ្ទះបាយ មុននឹងបង្ហូរចេញទៅក្នុងបឹង និងអាងធម្មជាតិគឺត្រូវច្រោះយកជាតិពុលចេញយ៉ាងច្រើនជា អតិបរិមា ដែលអាចកាត់បន្ថយនូវជាតិពុលធ្វើឱ្យប៉ះពាល់ដល់ទឹក និងដី។ ម្យ៉ាងវិញទៀតនឹងក្លាយជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកហាត់ ប្រាណ និងអ្នកដែលនៅតាមបណ្តាខេត្ត រាជធានី បានមកលម្ហែយកខ្យល់អាកាសវាលស្រែជើងភ្នំ ខណៈអ្នកវិនិយោគគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន រួមនឹងសួនច្បារផងដែរ៕
ដោយ៖ សូរិយា