ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានរុស្ស៊ីប្រើប្រាស់មីស៊ីល៦គ្រាប់និងយន្តហោះគ្មានមនុស្សបើក៤២គ្រឿងវាយប្រហារអ៊ុយក្រែន

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់ឃើញពន្លឺនៃការបញ្ចប់សង្គ្រាមនៅឡើយទេ ដោយទាហានប្រទេសទាំងពីរបន្តវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំង។ សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា យោធាអ៊ុយក្រែនបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូ រុស្ស៉ីបានបាញ់ដ្រូនសរុប៤២គ្រឿង និងមីស៉ីលចំនួន៦គ្រាប់មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ស្កាត់ដ្រូន៤១គ្រឿង ប៉ុន្តែអគារមួយចំនួនបានរងការខូចខាត ហើយប្រជាជនស៉ីវិលម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួសនៅតំបន់ភាគខាងត្បូងប្រទេស។
កងទ័ពអាកាសអ៊ុយក្រែនបានបង្ហោះសារលើប្រព័ន្ធ Telegram ថា ប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់បាន៤១គ្រឿង នៃដ្រូនប្រភេទ Shahed-136/131 សម្រាប់វាយប្រហារទាំង៤២គ្រឿង ដែលរុស្ស៉ីបញ្ជូនមក ហើយភាគច្រើននៃពួកវាគឺត្រូវបានបាញ់ទម្លាក់នៅលើតំបន់ Odesa។ យោធាអ៊ុយក្រែនបានបន្តថា បំណែកដ្រូនដែលត្រូវបានបាញ់ស្កាត់ទាំងនោះ បានបង្កឱ្យអគារប្រហែលជាង១០ខ្នងរងការខូចខាត នៅ Odesa និងជនស៉ីវិល១១នាក់ ក្នុងនោះរួមមានកុមារ៣នាក់រងរបួស។
យ៉ាងណាមិញ ខាងសេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែនបានឱ្យដឹងថា អំឡុងការវាយប្រហារខាងលើនៅតំបន់ Kherson ដែលនៅក្បែរខាងគ្នា មនុស្សម្នាក់បានបាត់បង់ជីវិត ហើយមណ្ឌលសុខភាព លំនៅឋានឯកជន និងយានដ្ឋានត្រូវបានបំផ្លិចបំផ្លាញ។ ជាមួយគ្នានេះ បើតាមយោធាអ៊ុយក្រែន រុស្ស៉ីក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅតំបន់ទន្លេ Danube ថែមទៀតផង ហើយឃ្លាំងមួយចំនួនសម្រាប់ស្តុកគ្រាប់ធញ្ញជាតិបានរងការខូចខាត។
ក្នុងសប្តាហ៍នេះ រុស្ស៉ីក៏បានធ្វើសកម្មភាពវាយប្រហារដោយមីស៉ីលយ៉ាងហោច២លើកទៅលើរដ្ឋធានីរបស់អ៊ុយក្រែន គឺទីក្រុងកៀវផងដែរ។ ក្នុងវាយប្រហារដោយមីស៉ីលបាលិស្ទីគរបស់រុស្ស៉ីចំនួន៨គ្រាប់កាលពីថ្ងៃចន្ទ លើទីក្រុងកៀវ មនុស្ស៤នាក់បានរងរបួស ខណៈការវាយប្រហារដោយមីស៉ីលប្រមាណ១០គ្រាប់ កាលពីថ្ងៃពុធ បានបណ្តាលឱ្យមនុស្ស៥៣នាក់របួស៕

ដោយ៖ ធីរីណា(រូប​ថត​៖ Getty)


ចែករំលែក៖