ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​លោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ពីបទរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ ចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ដែលជានាយកសាលានគរបាលជាតិភូមិភាគ៥ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ​ ពីបទរំលោភលើទំនុកចិត្ត​ ខណៈ​លោកផ្កាយ២​ នគរបាលរូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ លោក ប៉ិ វ៉ាន់ ហៅ គ្រូឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។ 

ប្រភពដដែលបន្តថា​ លោកផ្កាយ២ដែលសំបូររឿងអាស្រូវរូបនេះ ជាពិសេស សំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ចុះស្រាវជ្រាវ​និងឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនលេខ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត។ 

បេីយោង​តាមប្រភពព័ត៍មានពី​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៣នេះថា៖​ ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើស​ព្រហ្មទណ្ឌ​ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១,៣៩២នៃក្រម​ព្រហ្មទណ្ឌ​។

គួរជម្រាបជូនថា​ បច្ចុប្បន្ន​ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់​ ត្រូវបានសមត្ថកិច្ចជំនាញ​ នៃក្រសួង​មហាផ្ទៃ​ បានបញ្ជូនខ្លួន​ទៅឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅពន្ធនាគារព្រៃសរ​ ក្រោយខ្លួនបញ្ជូនដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ៕

ដោយ៖ សហការី


ចែករំលែក៖