ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានជំរុញឱ្យ មន្ដ្រី,សង្កាត់និង មន្ទីរសង្គមកិច្ចរាជធានី ចុះធ្វើបច្ចុប្បន្នភាព ដើម្បីយើងទទួលបានព័ត៌មានពិត ជួយពួកគាត់ឱ្យចំគោលដៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រី,សង្កាត់និង មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញ  ត្រូវចុះធ្វើបច្ចុប្បន្នភាព ដើម្បីយើងទទួលបានព័ត៌មានពិត ជួយពួកគាត់ឱ្យចំគោលដៅ ។

លោកបានជំរុញបែបនេះ ខណៈលោកជាអធិបតីភាព ក្នុងពិធីកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ 

   លោកឃួង ស្រេង ៖ បានបញ្ជាក់ថា៖ កិច្ច ប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមថ្ងៃនេះ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ពិសេស គឺចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ,ក្រ១ ,ក្រុ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យ ចំគោលដៅរបស់រាជរដ្ឋាភិបាល។

    លោកបន្ដថា៖  ដោយសារការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន,រុស្ស៊ី បានធ្វើឱ្យ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ទាំងនេះដែរ ដែលទៀមទាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យ ចំគោលដៅ ។

     លោកបន្ដថា៖ យើងបើកកិច្ចប្រជុំថ្ងៃនេះក៏ ដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤,លោកចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការ ដកស្រង់បទពិសោធន៍ យ៉ាងហោចណាស់ក្នុង១ឆ្នាំ ឱ្យបាន២ដង។

  រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំអោយមានការប្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។

       លោកបន្ដថា៖ ត្រូវចាំថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបំរើលប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ។

    លោក ឃួង ស្រេង  បានជំរុញឱ្យ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បីយើងទទួលបានព័ត៌មានជាក់លាក់។ សម្រាប់អាជ្ញាធរខណ្ឌទាំង ១៤ ចៅសង្កាត់ទាំង១០៥ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវបន្តសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញផងដែរ ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយឱ្យ បាននូវភាពអសកម្មនានា។

    លោកបានស្នើ ឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឱ្យបានល្អ ដោយត្រូវជួសជុល កែលំអរ ដំឡើងVersion នៅលើ(ថាថ្លេត)ដើម្បីអាចដំណើរការលើការងារនេះ បានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់។

    មន្ដ្រីជំនាញ ត្រូវបន្ដចុះ ធ្វើការសម្ភាសជនពិការភាពនៅក្នុងមូលដ្ឋាន ដោយក្រោយការសម្ភាសជាប់ ពួកគាត់អាចទទួលបានប្រាក់ឧបត្ថមសង្គមនេះពីរាជរដ្ឋាភិបាលដែរ។ ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រ ត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។បន្ថែមពីនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត។យើងត្រូវចាំថា សន្តិសុខ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមានឬអ្នកក្រឡើយ៕

ដោយ ៖ សំរិត


ចែករំលែក៖