ភ្នំពេញ ៖ តោះបងប្អូន យើងនាំគ្នាស្វែងយល់បន្តិចអំពី <<អំពីការអភិវឌ្ឍឌីជីថល នៅកម្ពុជា>>!
១) ស្ថានភាពបច្ចុប្បន្ននៃការប្រែប្រួលផ្នែកឌីជីថល និងគោលនយោបាយនៅកម្ពុជា៖
មកទល់ពេលនេះ ការអភិវឌ្ឍវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាផ្នែកមួយដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឌីជីថល ក្នុងការទ្រទ្រង់សេដ្ឋកិច្ចឌីជីថលនៃដំណើរឈានឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី ៤.០ ស្របតាមគោលនយោបាយស្តីពីទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ + យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦+ទី៧ នៃរដ្ឋសភាជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាអ្នកកំណត់នូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងមាននិយ័តករទូរគមនាគមន៍កម្ពុជា ជាសេនាធិការក្នុងការធ្វើនិយ័តកម្មលើវិស័យប្រកបដោយតម្លាភាព ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងមានកំលាំងចលករដ៏រស់រវើកក្នុងការចូលរួមវិនិយោគពីវិស័យឯកជន/ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលកំពុងប្រតិបត្តិការ រួមមានដូចតទៅ៖
+ ប្រតិបត្តិករទូរសព្ទចល័តចំនួន ០៤ មានអ្នកប្រើប្រាស់សរុបចំនួន 20,534,992 ស៊ីមកាត
+ ប្រតិបត្តិករទូរសព្ទអចល័តចំនួន ០៥ មានអ្នកប្រើប្រាស់សរុបចំនួន 33,639 ខ្សែ
+ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចល័តចំនួន ០៤ មានអ្នកប្រើប្រាស់ចំនួនសរុប 18,540,187 ស៊ីមកាត
+ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតអចល័តចំនួន ៣៨ មានអ្នកប្រើប្រាស់សរុបចំនួន 613,263 ខ្សែ
+ ការគ្របដណ្តប់នៃសេវាទូរសព្ទចល័ត រូមមាន៖
_ បណ្តាញទូរសព្ទចល័តជំនាន់ទី២ (2G) មានអ្នកប្រើប្រាស់ចំនួន ៩៩,៧% នៃប្រជាជនសរុប និងមានតំបន់គ្រប់ដណ្តប់សេវាប្រមាណជា ៨៦% នៃផ្ទៃក្រឡាទឹកដីប្រទេសយើងទាំងមូល។
_ បណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) មានអ្នកប្រើប្រាស់ចំនួន ៩២,៩% នៃប្រជាជនសរុប និងមានតំបន់គ្រប់ដណ្តប់សេវាប្រមាណជា ៨២% នៃផ្ទៃក្រឡាទឹកដីប្រទេសយើង។
+ ប្រតិបត្តិករផ្តល់បណ្តាញខ្សែកាប្លិ៍អុបទិកចំនួន ៥ និងបានរាយបណ្តាញរបស់ខ្លួនប្រវែងសរុបចំនួន 27,939.19 Km
+ ចំនួនគណនីអ្នកប្រើប្រាស់បណ្តាញសង្គម រួមមាន៖ ហ្វេសបុកចំនួន 14,159,000 គណនី, Messenger ចំនួន 13,080,500 គណនី, Instragram ចំនួន 2,034,300 គណនី។
២) បរិការណ៍ និងបញ្ហាប្រឈមមូលដ្ឋាន នៃវឌ្ឍនភាពនៃការអភិវឌ្ឍផ្នែកឌីជីថល រួមមានដូចតទៅ៖
-កម្ពុជាបានធ្វើឱ្យមានវឌ្ឍនភាពប្រកបដោយស្ថេរភាព នៅក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឌីជីថល ដូចបានរៀបរាប់ខាងលើ ប៉ុន្តែការផ្តល់លទ្ធភាពសម្រាប់ការផ្តល់សេវាជំនាន់ថ្មីៗ នៅតែមានកម្រឹតនៅឡើយ តួយ៉ាង៖
+ ប្រជារាស្រ្តកម្ពុជា បានទទួលយកបច្ចេកវិទ្យាចល័តជាមួយនឹងកំណើនយ៉ាងអស្ចារ្យ ក្នុងការជួលជាវយកទៅប្រើប្រាស់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
+ ទោះបីជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឌីជីថល មានរួចទៅហើយក្តី ជាមួយនឹងល្បឿនលឿន គុណភាពសេវាល្អ និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានធ្វើឱ្យកំណើនឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃសេដ្ឋកិច្ចឌីជីថល។
+ ថ្វីបើមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ប្រទេសកម្ពុជានៅតែមានវិថីដ៏វែងឆ្ងាយក្នុងការឈានទៅរកការអភិវឌ្ឍន៍ឌីជីថល។
+ ខណៈពេលដែលមានការប្រើប្រាស់ជាលក្ខណៈឌីជីថលបានកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាភាគរយនៃការលុកចូលទៅប្រើប្រាស់សេវាអ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ។
-ការប្រើប្រាស់ឌីជីថលរបស់ក្រុមហ៊ុន/សហគ្រាស ត្រូវបានរារាំងដោយបញ្ហាប្រឈម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុក៏ដូចជាដោយកង្វះបុគ្គលិកជំនាញ និងក្របខណ្ឌគតិយុត្តគ្រប់គ្រាន់ ដោយហេតុថា៖
+ កង្វះបរិមាណនៃព័ត៌មានបង្ហាញអំពីតម្រូវការ និងទំហំការងារជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ននេះ។
+ ការប្រើប្រាស់ឌីជីថលនៅក្នុងកម្រឹតក្រុមហ៊ុន/សហគ្រាស ហាក់បីដូចជានៅមានកម្រឹតទាបនៅឡើយ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។
+ ការទទួលយកការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល នៅក្នុងប្រទេសកម្ពុជា នៅមានកម្រឹតនៅឡើយ គឺវាហាក់បីដូចជាការបង្ខំយ៉ាងគំហុកក្នុងរៀបចំអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនេះ។
+ ការប្រឈមដទៃទៀត គឺកង្វះកម្លាំងពលកម្មជាមួយនឹងជំនាញព័ត៌មានវិទ្យាប្រកបដោយប្រសិទ្ធភាព។
+ ការប្រើប្រាស់ឌីជីថលដោយក្រុមហ៊ុន/សហគ្រាសគឺ បានបង្ខំប្រើប្រាស់ទាំងកង្វះខាតក្របខណ្ឌគតិយុត្តគាំពារ សម្រាប់កិច្ចប្រតិបត្តិការអេឡិកត្រូនិក ការការពារទិន្នន័យ និង ឯកជនភាព ការការពារអ្នកប្រើប្រាស់សម្រាប់ការទិញទំនិញអនឡាញ និងកិច្ចការពារសាយប័រ ឬឧក្រឹដ្ឋកម្មអ៊ីនធឺណិត។
-រដ្ឋាភិបាលអេឡិកត្រូនិក នៅតែជាបញ្ហា ដូចជា៖
+ ស្ថានភាពបច្ចុប្បន្ននៃរដ្ឋាភិបាលអេឡិកត្រូនិក នៅតែស្ងប់ស្ងាត់ និងមានបញ្ហាចោទដដែល។
+ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិមួយដែរ ប៉ុន្តែវាមិនមែនជាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងចរាចរណ៍ទិន្នន័យ និងការពារសន្តិសុខសុវត្ថិភាពទិន្នន័យឡើយ វាគ្រាន់តែជាប្រព័ន្ធគ្រប់គ្រងវិកយបត្រសេវាទូរគមនាគមន៍អនឡាញប៉ុណ្ណោះ។
+ សេវាអនឡាញខ្លះ អាចរកបានសម្រាប់ការបម្រើឱ្យសាធារណជន និងធុរកិច្ច។
+ ខណៈពេលដែលការចុះបញ្ជីពន្ធ និងការទូទាត់អាចត្រូវបានដាក់ឱ្យដំណើរការ លើបណ្តាញទៅក្រឹត្យមួយចំនួន ប៉ុន្តែពន្ធភាគច្រើនមិនអាចត្រូវបានដាក់តាមអេឡិចត្រូនិកនៅឡើយ។
+ អវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធទូទាត់ពហុភាគី ដែលតភ្ជាប់ទំនាក់ទំនងរវាងធនាគារនិងអ្នកទូទាត់ គឺជាឧបសគ្គចំបងមួយចំពោះការផ្តល់សេវាកម្មតាមអនឡាញកាន់តែច្រើនឡើងៗ ដោយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។
+ ស្ថាប័នមួយចំនួនបានចូលរួមទៅក្នុងកិច្ចអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងមួយចំនួនក៏មិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចនៅឡើយ។
+ ការរៀបចំផែនការ និងការគ្រោងថវិការទាំងមូល សម្រាប់រដ្ឋាភិបាលឌីជីថល នៅមិនទាន់មាននៅឡើយ។
៣) ជម្រើសនៃការដាក់ចេញនូវគោលនយោបាយ៖
-ដើម្បីទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ប្រទេសកម្ពុជាយើង ត្រូវការបង្កើតនូវកត្តានៃការធ្វើឱ្យកើតឡើងមួយចំនួន រួមមាន៖
+ ដើម្បីពង្រឹងការធ្វើកំណែទម្រង់សីតុណ្ហភាពធុរកិច្ច ដោយរាប់បញ្ចូលទាំងការចុះបញ្ជីធុរកិច្ច ហិរញ្ញកិច្ច និងការធ្វើកំណែទម្រង់ពាក់ព័ន្ធ វានឹងផ្តល់នូវសារៈសំខាន់សម្រាប់កម្ពុជា ដូចជា៖
+ ការវិនិយោគនៅលើហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់
+ អភិវឌ្ឍន៍ធនធានជំនាញឌីជីថល
+ អនុម័តបទដ្ឋានគតិយុត្ត និងក្របខណ្ឌគតិយុត្តសម្រាប់ការការពារឯកជនភាព ការការពារទិន្នន័យ ពាណិជ្ជកម្មអេឡិកត្រូនិក (រាប់បញ្ចូលទាំងកិច្ចប្រតិបត្តិការអេឡិកត្រូនិក) និងបរិស្ថានឱ្យទូលាយដទៃទៀត និង
+ កសាងស្ថាប័ន និងការដឹកនាំ ក៏ដូចជាការកសាងស្តង់ដារឯកភាពមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិក និងកម្មវិធីប្រើប្រាស់។
-ផលប៉ះពាល់ហិរញ្ញវត្ថុនិងថវិកា សម្រាប់ជម្រើសគោលនយោបាយនីមួយៗត្រូវតែធ្វើការវិភាគជាពិសេសដើម្បីកំណត់យន្តការផ្តល់មូលនិធិ ដែលអាចធ្វើទៅបាន និងផ្តល់សក្តានុពលសម្រាប់វិស័យឯកជនដែលលើកស្ទួយដល់ការផ្តល់ហិរញ្ញប្បទាន។
-ការបែងចែកឡើងវិញនូវវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងពង្រឹងការគ្រប់គ្រង គឺជាតម្រូវការ ដើម្បីគាំពារលើការពង្រីកតំបន់គ្របដណ្តប់សេវាបណ្តាញអ៊ីនធឺណិតល្បឿនលឿនចល័ត ទៅឱ្យដល់តាមតំបន់ទីជនបទ ជាពិសេសការរំដោះបង់ ៧០០មីហ្គាហ៊ឺត ។ល។
-គោលនយោបាយចាំបាច់ដែលពាក់ព័ន្ធនឹងការឆ្លុះបញ្ចាំងទៅលើការអភិវឌ្ឍធនធានជំនាញឌីជីថលចាំបាច់សម្រាប់ជាប្រយោជន៍នៃការចែករំលែកឱ្យការបម្រើបម្រាស់ នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។
-គោលនយោបាយចាំបាច់ដែលពាក់ព័ន្ធនឹងបំពេញដល់ក្របខណ្ឌគតិយុត្ត សម្រាប់ពាណិជ្ជកម្មអេឡិកត្រូនិក ឯកជនភាព ការការពារទិន្នន័យ និងឧក្រឹដ្ឋកម្មអ៊ីនធឺណិត ជាមួយគ្នានឹងការចាត់វិធានការណ៍ទាំងឡាយណា ដែលជួយដល់ការពង្រឹងបរិស្ថានធុរកិច្ច។
-គោលនយោបាយពាក់ព័ន្ធនឹងការគាំពារដល់ប្រតិបត្តិការប្រកបដោយជោគជ័យនៃយុទ្ធសាស្រ្តរដ្ឋាភិបាលភិបាលឌីជីថល តាមរយៈការតម្រង់ទិសការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងការធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល។
-កិច្ចប្រតិបត្តិការប្រកបដោយជោគជ័យនៃយុទ្ធសាស្រ្ត ក៏ជាតម្រូវការធ្វើកំណែរទម្រង់ជាក់លាក់លើរដ្ឋាភិបាលអេឡិកត្រូនិក។
-លើសពីនេះទៀតដើម្បីធានាបាននូវផលចំណេញដ៏មានប្រសិទ្ធភាពក៏ដូចជាអន្តរប្រតិបត្តិដែលចាំបាច់ដើម្បីបញ្ចូលទិន្នន័យរដ្ឋនិងសេវាផ្តល់សេវាស្តង់ដាមុខងារបច្ចេកទេសសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គួរតែត្រូវបានអនុម័ត។
យុទ្ធសាស្រ្ត «ចតុកោណ» ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភាជាតិ គឺបង្កើតឡើង ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
នៅក្នុងយុទ្ធសាស្រ្តដំណាក់កាលថ្មីនេះ រាជរដ្ឋាភិបាលបានកំណត់យក «គោលដៅយុទ្ធសាស្រ្ត ៤» និង «វិស័យអាទិភាព ៤» ជាការប្តេជ្ញាចិត្ត។
គោលដៅយុទ្ធសាស្រ្ត ៤ រួមមាន៖
-ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈឲ្យបានម៉ត់ចត់។
-បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ ទាំងគុណភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និង ជំរុញការវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
-សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតនៅក្នុងរង្វង់អត្រាទាបជាង ១០% ការពារមិនឲ្យភាពក្រីក្រវិលត្រលប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការចូលរួមក្នុងយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និង ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម។
-បន្តពង្រឹងសមត្ថភាព និង អភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ។
វិស័យអាទិភាព ៤ រួមមាន៖
ចតុកោណទី១) ការអភិវឌ្ឍន៍ធនធានមនុស្ស រួមមាន៖ ១) ពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣) ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង ៤) ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។
ចតុកោណទី២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន៖ ១) ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល ២) ការអភិវឌ្ឍន៍នៃកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ ៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តិន៍ឧស្សាហកម្មទី ៤ និង ៤) ការជម្រុគការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។
ចតុកោណទី ៣) ការលើកស្ទួយវិស័យឯកជន និងការងារ រួមមាន៖ ១) ការអភិវឌ្ឍទីផ្សារការងារ ២) ការលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនភាព ៣) ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និង ឯកជន និង ការពង្រឹងការប្រកួតប្រជែង។
ចតុកោណទី ៤) ការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន រួមមាន៖ ១) ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ២) ការពង្រីកការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ដោយចីរភាព ៣) ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និង ៤) ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
គោលនយោបាយអាទិភាពសំខាន់ៗខាងលើទាំងនេះ បានបញ្ចូលទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិរួចទៅហើយ។
ក្នុងន័យនេះ តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងបុគ្គលពាក់ព័ន្ធនឹងវិស័យនេះ ត្រូវរៀបចំសកម្មភាពការងារដូចម្តេចខ្លះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យសម្រេចបានទៅលើគោលដៅយុទ្ធសាស្រ្តនិងវិស័យអាទិភាពពាក់ព័ន្ធ ដូចបានរៀបរាប់ខាងលើ?
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំដាក់ចេញនូវផែនការសកម្មភាពពាក់ព័ន្ធវិស័យអាទិភាពក្នុងវិស័យរបស់ខ្លួន រួមមានដូចតទៅ៖
-ការអភិវឌ្ឍធនធានមនុស្ស លើជំនាញវិទ្យាសាស្រ្តនិងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
-ចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់លើការតភ្ជាប់ឌីជីថល (បណ្តាញអ៊ីនធឺណិតល្បឿនលឿន និងសន្តិសុខបណ្តាញ) ដែលឧបករណ៍ក្នុងការធានាក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តិឧស្សាហកម្មជំនាន់ទី ៤.០។
-ចូលរួមការលើកស្ទួយវិស័យឯកជន តាមរយៈរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍ និងច្បាប់បទដ្ឋានគតិយុត្ពិពាក់ព័ន្ធនានានិងធ្វើនិយ័តកម្មដើម្បីធានានិងការទាក់ទាញវិស័យឯកជន/ប្រតិបត្តិករវិស័យទូរគមនាគមន៍/បច្ទេកវិទ្យាគមនាគមន៍និងព័ត៌មាន សប្បាយចិត្តចូលរួម។
-រៀបចំធ្វើច្បាប់ គោលនយោបាយ និងនិយ័តកម្មលើការគ្រប់គ្រងធនធានកម្រវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន/ទូរគមនាគមន៍ រួមមាន វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ លេខទូរស័ព្ទ/លេខទូរគមនាគមន៍ និងអាស័យដ្ឋានអេឡិកត្រូនិក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តលើវស័យអាទិភាព ដូចមានចែងនៅក្នុងចំណុចទី ១ នៃចតុកោណទី ២ នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភាជាតិ ស្តីពីការចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការតភ្ជាប់ឌីជីថល ដែលពាក់នឹងការធ្វើគោលនយោបាយ ផែនការអភិវឌ្ឍ ការធ្វើនិយ័តកម្ម និងទីផ្សារវិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមានសកម្មភាពការងារជាអាទិភាព ដូចតទៅ៖
ក្នងផ្នែកឌីជីថល រាជរដ្ឋាភិបាលបានជំរុញការតភ្ជាប់បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងនិងការតភ្ជាប់បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាទសមុទ្រ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានកំណើនបន្តបន្ថែមទៀត។
ទោះជាយ៉ាងណា ផ្នែកឌីជីតាល់នេះ នៅបន្តជួបបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការវិនិយោគ និងការប្រើប្រាស់ឲ្យអស់លទ្ធភាពដែលមាននៃហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការពង្រីកវិសាលភាពគ្របដណ្តប់សេវា គុណភាពសេវា និងការប្រកួតប្រជែងដោយមិនស្មោះត្រង់ និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង និងខ្សែកាប្លិ៍ក្រោមបាទសមុទ្រ ព្រមទាំងសន្តិសុខព័ត៌មាន។
ឈរលើមូលដ្ឋាននេះ អាទិភាពចម្បង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ គឺបន្តអភិវឌ្ឍការតភ្ជាប់ផ្នែកឌីជីថលនេះ តាមរយៈការពង្រឹង និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកជាបណ្តាញចែកចាយ ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចល័ត ប្រកបដោយគុណភាព មានលក្ខណៈទំនើបកម្មទាន់សម័យ មានថ្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស។
បន្ថែមពីលើនេះ ដើម្បីចូលរួមចំណែកក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយតបនឹងបដិវត្តិន៍ឧស្សាហកម្មទី ៤.០ អាទិភាពចម្បង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមមានដូចតទៅ៖
-បន្តធ្វើបច្ចុប្បន្នភាព និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ការរៀបចំនិងអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង សម្រាប់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
-បន្តពង្រឹង និងពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក្នងវិស័យទាំងបី រួមមាន ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង ប្រៃសណីយ៍ ព្រមទាំងបង្កឲ្យមានមធ្យោបាយការទូទាត់ប្រាក់អេឡិកត្រូនិក និងលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធច្រកចេញចូលនៃប្រព័ន្ធអ៊ីធឺណិតថ្នាក់ជាតិ។
-ដឹកនាំ និងចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដទៃ ជួយជម្រុញ និងបង្កើតមូលដ្ឋានគតិយុត្តគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថល ដោយរួមទាំងការជម្រុញការអនុវត្តយុទ្ធសាស្រ្តរដ្ឋាភិបាលអេឡិកត្រូនិក និងសន្តិសុខព័ត៌មាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងវិសោធកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលគាំទ្រ និង ជំរុញការរីកចម្រើន និងការការពារហានិភ័យក្នុងវិស័យនេះ។
-បន្តជំរុញកិច្ចអភិវឌ្ឍធនធានមនុស្ស ក្នុងជំនាញពាក់ព័ន្ធនឹងវិស័យឌីជីថលនេះ៕
៤) សន្ទុះនៃការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី ៤.០ និងយុទ្ធសាស្រ្តប្រែក្លាយផ្នែកឌីជីថលដោយលោតផ្លោះ ៖
ឧស្សាហកម្មជំនាន់ទី ៤.០ គឺជាតំណាងឱ្យការច្របាច់បញ្ចូលគ្នា ឬការធ្វើសហរមាណកម្ម នៃអ៊ីនធឺណិតនៃវត្ថុ (Internet of Things – IoT) និងបច្ចេកវិទ្យារូបសាស្រ្តពាក់ព័ន្ធដទៃទៀត ដូចជាការវិភាគ ការផលិតបន្ថែម សង្វាក់ប្លុក (Block Chain) មនុស្សយន្តឬគ្រឿងយន្ត ប្រាជ្ញាសប្បនិមិត្ត បច្ចេកវិទ្យាស្វែងយល់ សម្ភារៈទំនើប និងការពិត ដែលទាំងអស់នោះ វាជាដំណើរការមួយជាសង្វាក់ ពីរូបសាស្រ្តទៅឌីជីថល និងពីឌីជីថលទៅរូបសាស្រ្ត ជាខួបមួយ។
ហេតុអ្វីបានជាកម្ពុជា ត្រូវការឧស្សាហកម្មជំនាន់ទី៤? ជាសកល និន្នការនៃបច្ចេកវិទ្យាចំនួន ៥ ដែលស្ថិតនៅក្រោមការជម្រុញរបស់អ្នកផលិតក្នុងជំហានឆ្ពោះទៅរកសិប្បកម្មវៃឆ្លាត រួមមាន៖
-ការធ្វើបដិវត្តន៍បច្ចេកវិទ្យាដ៏លឿន និងផលប្រយោជន៍នៅក្នុងប្រាជ្ញាសប្បនិមិត្ត ការគណនាយល់ដឹង និងការសិក្សារបស់ម៉ាស៊ីន និងលទ្ធផលក្នុងពេលជាក់លាក់ និងការវិភាគព្យាករណ៍ជាមុន ដែលអាចបង្កើតឡើងនូវវិធីសាស្រ្តនៃការធ្វើការសម្រេចចិត្ត។
-ការកើនឡើងនៃភាពស្មុគ្រស្មាញនៃសង្វាក់ផ្គត់ផ្គង់សាកល និងប្រព័ន្ធកាត់បន្ថយនូការបាត់បង់។
-ការបង្កើតការប្រកួតប្រជែងយ៉ាងខ្លាំង ដែលមិនមានការរំពឹងទុកជាមុនយ៉ាងខ្លាំងក្លាអំពីបច្ចេកវិទ្យាវៃឆ្លាតដែលកាត់បន្ថយតម្លៃចូលទីផ្សារ។
-ការរៀបចំរចនាសម្ព័នស្ថាប័នដែលពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃពត៌មាននិងប្រតិបត្តិការបច្ចេកវិទ្យា។
-ការជម្រុញលើភាពប្រឈមទាំងឡាយនៃការគ្រប់គ្រងប្រកបដោយទេពកោសល្យ។
ទស្សនៈវិស័យរយៈពេលវែងរបស់ប្រទេសកម្ពុជា គឺមានបំណងចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកស្ទួយផងដែរ ដើម្បីបញ្ចប់នូវការផ្លាស់ប្តូរទៅក្នុងសេដ្ឋកិច្ចឌីជីថល នៅឆ្នាំ២០២៣ ដូចដែលការផ្សព្វផ្សាយដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងខែមីនា ឆ្នាំ២០១៨។ បេសកកម្មរបស់ប្រទេសកម្ពុជាយើង ឆ្ពោះទៅមុខក្នុងសម្រេចគោលដៅនេះ នឹងត្រូវកំណត់ដោយការបង្កើនសមត្ថភាពក្នុងការធ្វើជាម្ចាស់ និងបង្កើនអានុភាពបច្ចេកវិទ្យាឌីជីថល។ ការលេចចេញនូវឧស្សាហកម្មទី ៤.០ ផ្តល់ដល់ប្រទេសកម្ពុជាជាមួយឱកាស ដើម្បីលោតផ្លោះ ក្នុងវិថីរបស់វា ចូលទៅក្នុងអនាគតកាល យ៉ាងតិចណាស់នូវជម្រើសពីរនៃវិថីដែលត្រូវដើរ គឺ៖
-ទី១៖ និន្នាការបច្ចេកវិទ្យា នឹងជួយជាចលករជម្រុញកម្ពុជាទៅមុខនូវចំណេះដឹងសេដ្ឋកិច្ចមូលដ្ឋាន។ ជាមួយនឹងភាគច្រើន ១ ភាគ ៣ នៃប្រជាជនកម្ពុជា ក្រោមអាយុ ៣០ឆ្នាំ មួយភាគធំនៃកម្លាំងពលកម្មដែលជាសក្តានុពលនឹងត្រូវបានរីកលូតលាស់ឡើងជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ ទោះបីជាយ៉ាងណា ប្រទេសកម្ពុជា នឹងមានចលនាមួយជម្រុញទៅមុខយ៉ាងលឿន បើសិនជាវានឹងទទួលបាននូវអត្ថប្រយោជន៍នៃភាគលាភពីប្រជាសាស្ត្រនេះ។
-ទី២៖ ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា នឹងជាកត្តាកំណត់ដ៏សំខាន់នៃពិពិធកម្មឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសកម្ពុជាកំណើនផលិតភាព និងការប្រកួតប្រជែង ដែលត្រូវបានអនុវត្តជាគំរូរួចហើយដោយប្រទេសចិន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និងចិនតៃវ៉ាន់។ល។ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងគ្រប់គ្នាបណ្តាប្រទេសទាំងនេះបានផ្តល់អាទិភាពយូរអង្វែងដល់ការវិនិយោគនៅក្នុងវិស័យអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ជំនាញនិងចំណេះដឹងដែលអាចបំពេញនូវតម្រូវការនៃឧស្សហកម្មយ៉ាងឆាប់រហ័ស។
៣) ការជម្រុញការកសាងចំណេះដឹង និងជំនាញខ្ពស់ផ្នែកឌីជីថល៖
ខណៈពេល ដែលប្រាកដថាវិជ្ជាជីវៈថ្មីៗជាច្រើន នឹងត្រូវបានបង្កើតឡើងដូចជានៅក្នុងបដិវត្តន៍ឧស្សាហកម្មមុន ៗ យើងនៅមិនទាន់ប្រាកដថា ប្រភេទការងារណានឹងត្រូវបង្កើតឡើងដោយសារតែល្បឿនលឿនយ៉ាងគំហុក និង ភាពមិនប្រក្រតីនៃការផ្លាស់ប្តូរបច្ចេកវិទ្យា។
ទោះជាយ៉ាងណាក៏ដោយការបណ្ដុះបណ្ដាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និង ការអភិវឌ្ឍឧស្សាហកម្ម និង ភាពជាសហគ្រិនគឺជាកត្តាចាំបាច់។ លើសពីនេះទៀត វាត្រូវបានគេណែនាំថាជំនាញដែលគេហៅថាភស្តុតាងមនុស្សយន្ត ដូចជាការដោះស្រាយបញ្ហាការគិត និងការច្នៃប្រឌិតគួរតែត្រូវបានសង្កត់ធ្ងន់តាមរយៈការអប់រំនិងកម្មវិធីបណ្តុះបណ្តាល។ ទាំងនេះគឺជាជំនាញដែលត្រូវការបន្ថែមទៀតនៅក្នុងប្រព័ន្ធផលិតកម្ម ប្រាជ្ញាសប្បនិមិត្តមូលដ្ឋាន ។ យោងតាមការសិក្សារបស់សន្និសិទសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៦ (WEF-2016) ស្តីអំពីអនាគតនៃការងារជំនាញចំនួន ១០មុខ ដែលត្រូវការបំផុតនោះគឺ៖
-ការសិក្សាបញ្ហាស្មុគ្រស្មាញ
-ការត្រិះរិះពិចារណា
-ការឆ្នៃប្រឌឹត
-ការគ្រប់គ្រងធនធានមនុស្ស
-ការសម្របសម្រួលជាមួយវិស័យដទៃ
-បញ្ញាស្មារតី
-ការសម្រេចចិត្ត និងការកាត់សេចក្តី
-ការរៀបចំសេវាកម្ម
-ការចរចារ និង
-ភាពបទបែននៃការចងចាំ។
ខាងក្រោមនេះ ជាជម្រើសខ្លះៗ ដែលបានដាក់ចេញ ដើម្បីបណ្តុះបណ្តាលជំនាញ សម្រាប់ឧស្សាហកម្មថ្មីនេះ រួមមាន៖
-ជម្រុញកិច្ចសហការរវាងឧស្សាហកម្ម និងភាពជាដៃគូសាធារណៈនិងឯកជន។
-គិតឡើងវិញអំពីការអប់រំនិងការបណ្តុះបណ្តាល។
-បង្កើតការរៀនសូត្រ។
មកទល់ពេលនេះ ប្រទេសកម្ពុជា មានកង្វះខាតធនធានមនុស្សដែលមានជំនាញឌីជីថលជាច្រើន ។ រាជរដ្ឋាភិបាលកំពុងតែផ្តោតទៅលើសេដ្ឋកិច្ចឌីជីថល ក្នុងដំណើរឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី ៤.០ ហើយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នេះវាជាឧបករណ៍ដ៏សំខាន់ដែលធ្វើឱ្យកើតមានឡើងនូវការតភ្ជាប់តាមរយៈបណ្តាញអ៊ីនធឺណិតល្បឿនលឿនដូចជាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ហើយក៏បានដាក់ចេញជាយុទ្ធសាស្រ្តនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងកិច្ចប្រតិបត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា នេះផងដែរ។ ចឹងធនធានមនុស្សចាំបាច់ណាស់ត្រូវត្រៀមទុកជាមុន នូវ៖
– ធនធានជំនាញមូលដ្ឋាននៃបច្ចេកវិទ្យាឌីជីថល/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលតម្រូវឱ្យមានជំនាញចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជាការបញ្ជូនអ៊ីម៉ែល អាចស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការរកការងារធ្វើតាមបណ្តាញអ៊ីនធឺណិត មានលទ្ធភាពប្រើប្រាស់អែបឌីជីថល និងបច្ចេកវិទ្យាសុហ្វវ៉ែ និងការការពារសន្តិសុខទប់ទល់នឹងការវាយប្រហារតាមអ៊ីនធឺណិត ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើការងារទាំងអស់។
– ធនធានជំនាញបំពេញនៃបច្ចេកវិទ្យា ឌីជីថល/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលតម្រូវចេះជំនាញបម្រើការងារនៅក្នុងបរិស្ថានបច្ចេកវិទ្យា និងអាចដោះស្រាយក្នុងបង្កើនសមត្ថភាព និងឱកាស សម្រាប់ការសម្របសម្រួលនៅក្នុងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចជាអាចទំនាក់ទំនងនៅក្នុងបណ្តាញសង្គម ចែកចាយផលិតផលតាមអនឡាញសេដ្ឋកិច្ចអេឡិកត្រូនិក ឬវិភាគទិន្នន័យដែលទាញយកបានពីវែប ដល់អ្នកជំនាញមធ្យម និងអ្នកជំនាញខ្ពស់។
– ធនធានជំនាញខ្ពស់បំផុត ដែលអាចដឹកនាំការធ្វើនវានុវត្តន៍ ឬការបង្កើតថ្មី ដើម្បីជួយទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអនុគមន៍ប្រព័ន្ធអេកូហ្ស៊ីឌីជីថល ដូចជាការសរសេរកម្មវិធីសុហ្វវ៉ែការបង្កើតអែប គ្រប់គ្រងបណ្តាញ និងការវិភាគទិន្នន័យសម្រាប់គាំពារឧស្សាហកម្ម និងជំនាញការងារតាមវិស័យ។ អត្ថបទរៀបរៀងដោយលោល អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាម៉ាស្ទ័រវិទ្យាសាស្រ្តបច្ចេកវិទ្យាទូរគមនាគមន៍ពីអតីតសហភាពសូវៀត (១៩៨៨ ដល់ ១៩៩៤)៕
ដោយ ៖ សហការី