គ្រូបង្វឹកក្រុមនារី Barcelona លោក Jonatan Giraldez នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាល Liga F ដែលជាម្ចាស់ជើងឯកអេស្ប៉ាញបានប្រកាសកាលពីថ្ងៃចន្ទ។ លោក Giraldez ដែលបានចូលដឹកនាំក្លឹបនៅឆ្នាំ២០២១ បានឈ្នះពានរង្វាន់ Liga F ពីរដងក្នុងទម្រង់លេចធ្លោ ដោយ Barcelona ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម៧២ប្រកួតក្រោមការដឹកនាំរបស់ជនជាតិអេស្ប៉ាញ។
គាត់បានដឹកនាំក្រុមនេះឱ្យឈ្នះពាន Women’s Champions League នៅឆ្នាំ២០២៣ ហើយក៏បានឈ្នះពានរង្វាន់ Copa de la Reina និង Spanish Super Cups ចំនួន២ផងដែរ ដើម្បីបង្កើតក្រុម Barcelona ជាក្រុមកំពូលមួយរបស់អឺរ៉ុប។
លោក Giraldez បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ខ្ញុំបានជូនដំណឹងទៅក្លិបថា ខ្ញុំមិនមានបំណងបន្តកិច្ចសន្យារបស់ខ្ញុំទេ។ ខ្ញុំចង់ទុកពេលឱ្យពួកគេគ្រប់គ្រាន់ដើម្បីរៀបចំរឿង និងស្វែងរកអនាគតដ៏ល្អបំផុត។ កាលពីថ្ងៃសុក្រមុនខ្ញុំបានប្រាប់កីឡាករ និងបុគ្គលិកអំពីស្ថានភាព។ ខ្ញុំចង់ឱ្យពួកគេដឹងពីហេតុផលសម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ”។
លោក Giraldez ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ទៅលីកបាល់ទាត់នារីជាតិរបស់អាមេរិក (NWSL) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នៅពេលសួរអំពីព័ត៌មាននេះ លោក Giraldez បាននិយាយថា “ខ្ញុំអាចនិយាយបានថាវានៅខាងក្រៅទ្វីបអឺរ៉ុប។ ខ្ញុំមិនចង់ប្រកួតប្រជែងជាមួយ Barcelona“។
បច្ចុប្បន្នក្រុមនារី Barcelona កំពុងឈរនៅលើកំពូលតារាង Liga F ដោយមាន៣៦ពិន្ទុបន្ទាប់ពី១២ប្រកួត នាំមុខក្រុមលេខ២ Real Madrid ៩ពិន្ទុ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)