ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបេីកបរក្រោមឥទ្ធិពលគ្រឿងញៀន​ និងអ្នកពាក់​ព័ន្ធករណីគ្រឿងញៀនចំនួន០៧នាក់​ ត្រូវសមត្ថ​កិច្ចឃាត់ខ្លួនតាមដងផ្លូវ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ថា៖​ អ្នកបេីកបរក្រោមឥទ្ធិពលគ្រឿងញៀន​ និងអ្នកពាក់​ព័ន្ធករណីគ្រឿងញៀនចំនួន០៧នាក់​ ត្រូវបានសមត្ថ​កិច្ចចម្រុះ​ឆ្មក់បង្រ្កាបតាមដងផ្លូវឃាត់ខ្លួនអនុវត្តតាម​ច្បាប់​ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០​និង០០នាទី​ ក្នុងមូលដ្ឋាន​ខេត្ត។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តជាប់ជាប្រចាំនូវយោបល់ដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ លោកវរ​សេ​នី​យ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំ​ងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ដោយ​មាន​ លោកព្រះរាជអាជ្ញារង នៃអ​យ្យការអមសាលាដំបូងខេត្តបាត់​ដំបង សម្របសម្រួលលើនីតិវិធី និងមានការចូលរួមពីលោក លាង វាសនា អភិបាលនៃគណៈអភិបាល​ក្រុងបាត់ដំបងផងនោះបានចុះអនុវត្តត្រួតពិនិត្យធ្វើតេស្តស្វែងរកសា​រ​ ធាតុញៀនលើអ្នកបើកបរតាមដងផ្លូវពេលយប់ បង្ការទប់ស្កាត់ ប​ទល្មើសគ្រឿងញៀន និង​ក្រុម​ក្មេងទំនើង ដើរលេងពេលយប់ ដែលបង្កចលាចល អសន្តិសុខ ក្នុងភូមិសាស្រ្តភូមិរំចេក៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះបានត្រួតពិនិត្យលើ ៖

 -រថយន្តចំនួន ២គ្រឿង មនុស្ស៩​នាក់ស្រី០០នាក់ និងម៉ូតូ ៨៥គ្រឿង មនុស្ស ១១០នាក់ស្រី០០នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ៩៦នាក់ស្រី០០នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ (ប្រុស) ជាអ្នកបើកបរ​ម៉ូតូនិង  និងរកឃើញជនសង្ស័យរក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀនចំនួន ០២នាក់ (ប្រុស)​និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖