ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! ឪពុកស្លាប់ ម្តាយនិងកូនតូច៣នាក់ទៀតរងរបួសធ្ងន់ ​បង្កឡេីងដោយរថយន្តស្តារិចបុកម៉ូតូកង់បីពីក្រោយនិងបុកផ្ទប់បង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាកស្តារិចមួយគ្រឿងយ៉ាងលឿនដូចហោះ​ ហេីយជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយពេញទំហឹង​ប៉ើងទៅបោកផ្ទប់និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម​ ធ្វេីឱ្យបុរសម្ចាស់រុឺម៉កខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់ភ្លាមៗ​ ចំណែកជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ក្រុមសង្គ្រោះ៧១១​ ចុះមកអន្តរាគមន៍​ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ។ 

​    ប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ជនរងគ្រោះទី១- ឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ភេទប្រុស (ជាឪពុកស្លាប់) រស់នៅភូមិតាហេវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ទី២-ឈ្មោះ សុំ សុីសារ៉ា អាយុ៣៧ឆ្នាំ ភេទស្រី រស់នៅភូមិឃុំខាងលើ(ម្តាយរបួសស្រាល)​ ទី៣- ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស (របួសធ្ងន់)​ ទី៤- ឈ្មោះ មាស សុភ័ក្រនិត្យ អាយុ៣ខួប ភេទប្រុស(របួសស្រាល)​ និងទី៥- ឈ្មោះ មាស សុភ័ក្រណានិមល អាយុ ១១ខែ ភេទស្រី(របួសស្រាល)។ ក្នុងចំណោមក្មេងៗរងគ្រោះទាំង៣នាក់មានម្នាក់ធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

​     ប្រភពដដែលបានឱ្យដឹងទៀតថា មុនកើតហេតុ​ ក្រុមគ្រួសារជនរងគ្រោះបានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងមិនមានស្លាកលេខ មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះនៅលើម៉ូតូសណ្ដោងរុឺម៉កទាំងអស់ ពេលនោះស្រាប់តែមានរថយន្តម៉ាកស្តារិច​ ពណ៌ស​ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន​ ពេលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹង​ ប្លោងទៅមុខជាច្រើនម៉ែត្របោកផ្ទប់នឹងបង្គោលភ្លើងបាក់អស់មួយដើម បណ្ដាលឱ្យបុរសជាឪពុកបានធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់យ៉ាងអាណោចអាធ័ម រីឯស្រ្តីជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដេកដួលនៅនឹងកន្លែងកើតហេតុ ។ 

​    ក្រោយកេីតហេតុភ្លាម​ៗ​ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះបានចុះជួយសង្គ្រោះ​ និងរាយការណ៍ទៅខាងក្រុមសង្គ្រោះបន្ទាន់៧១១ឱ្យចេញរថយន្តមកជួយអន្តរាគមន៍សង្គ្រោះ​ និងមានសមត្ថកិច្ចមូលដ្ឋានមកសហការជាមួយ​ ព្រមទាំងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖