ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាកស្តារិចមួយគ្រឿងយ៉ាងលឿនដូចហោះ ហេីយជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយពេញទំហឹងប៉ើងទៅបោកផ្ទប់និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ធ្វេីឱ្យបុរសម្ចាស់រុឺម៉កខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់ភ្លាមៗ ចំណែកជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ក្រុមសង្គ្រោះ៧១១ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ភេទប្រុស (ជាឪពុកស្លាប់) រស់នៅភូមិតាហេវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ទី២-ឈ្មោះ សុំ សុីសារ៉ា អាយុ៣៧ឆ្នាំ ភេទស្រី រស់នៅភូមិឃុំខាងលើ(ម្តាយរបួសស្រាល) ទី៣- ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស (របួសធ្ងន់) ទី៤- ឈ្មោះ មាស សុភ័ក្រនិត្យ អាយុ៣ខួប ភេទប្រុស(របួសស្រាល) និងទី៥- ឈ្មោះ មាស សុភ័ក្រណានិមល អាយុ ១១ខែ ភេទស្រី(របួសស្រាល)។ ក្នុងចំណោមក្មេងៗរងគ្រោះទាំង៣នាក់មានម្នាក់ធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងមិនមានស្លាកលេខ មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះនៅលើម៉ូតូសណ្ដោងរុឺម៉កទាំងអស់ ពេលនោះស្រាប់តែមានរថយន្តម៉ាកស្តារិច ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹង ប្លោងទៅមុខជាច្រើនម៉ែត្របោកផ្ទប់នឹងបង្គោលភ្លើងបាក់អស់មួយដើម បណ្ដាលឱ្យបុរសជាឪពុកបានធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់យ៉ាងអាណោចអាធ័ម រីឯស្រ្តីជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដេកដួលនៅនឹងកន្លែងកើតហេតុ ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះបានចុះជួយសង្គ្រោះ និងរាយការណ៍ទៅខាងក្រុមសង្គ្រោះបន្ទាន់៧១១ឱ្យចេញរថយន្តមកជួយអន្តរាគមន៍សង្គ្រោះ និងមានសមត្ថកិច្ចមូលដ្ឋានមកសហការជាមួយ ព្រមទាំងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត ៕
ដោយ ៖ ភារ៉ា ដង្កោ