ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្រើប្រាស់ទិន្នន័យដើម្បីកសាងក្របខណ្ឌគោលនយោបាយ និងដើម្បីតាមដានត្រួតពិនិត្យវាយតម្លៃ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់ទិន្នន័យនេះនៅក្នុងការកសាងសំខាន់ពីរ៖

ទី១ កសាងក្របខណ្ឌគោលនយោបាយដើម្បីអោយមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគតដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង

ទី ២ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអនុវត្តន៍គោលនយោបាយ ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយឬរៀបចំផែនការអនុវត្តសកម្មភាពផ្សេងៗទាមទារត្រូវមានការតាមដានត្រួតពិនិត្យវាយតម្លៃដើម្បីកែសម្រួល ឬពង្រឹងអោយទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយដាក់ចេញនូវផែនការសកម្មភាពផ្សេងៗតែងតែមានសូចនាករដើម្បីវាយតម្លៃ ហើយដើម្បីផ្ទៀងផ្ទាត់ជាមួយសូចនាករ យើងត្រូវការទិន្នន័យ និងការតាមដានត្រួតពិនិត្យថា តើយើងដាក់ទៅគ្រប់ដែរឬទេ។ 

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖  ការដែលមានទិន្នន័យនៅក្នុងដៃគឺជាផែនទីដែលអាចឱ្យរដ្ឋាភិបាលដឹងពីសភាពនិងរៀបចំគោលនយោបាយចំទិសដៅ។ សម្ដេចបានលើកឡើងថា ការងារដែលមិនអាចព្យាករណ៍ពីស្ថានភាពវិវត្តន៍បានវានឹងធ្វើឱ្យយើងដើរក្រោយសភាពការណ៍វិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីសារៈសំខាន់នៃទិន្នន័យ ជាផែនទី និងត្រីវិស័យសម្រាប់ការដឹកនាំរដ្ឋ ធ្វើឱ្យរដ្ឋាភិបាលបានដឹងពីស្ថានភាពដែលខ្លួនកំពុងស្ថិត បញ្ហាប្រឈម និងវិធីសាស្ត្រដោះស្រាយ។ សម្ដេចបានបន្ថែមថាការដែលដឹងពីស្ថានភាពនេះគឺមានសារសំខាន់ណាស់។

សម្ដេចបន្ថែមថា៖ «បើយើងអត់អាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងអត់អាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម ហើយតាពាក្យប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា យើងអត់បោះ បានន័យថា គោរត់ទៅហើយបានធ្វើក្រោលតាមក្រោយ យើងអត់ធ្វើក្រោលដើម្បីដាក់គោដើម្បីកុំឱ្យវារត់ ដឹងថាវាបម្រុងទៅតាមហ្នឹងដាក់ធ្នាក់ឱ្យហើយឬយ៉ាងណា?»។

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថាទិន្នន័យដែលយកមកប្រើគឺត្រូវតែជាទិន្នន័យដែលមានបច្ចុប្បន្នភាពច្បាស់លាស់ មិនមែនដោយផ្អែកលើការស្រាវជ្រាវទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុកនោះទេ។

សម្ដេចថា៖ «ក្របខ័ណ្ឌគោលនយោបាយមិនមែនធ្វើឡើងផ្អែកទៅលើអ្វីដែលជាការស្រាវជ្រាវនៅក្នុងអាកាសនោះទេ មែនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក បង្ហោះនៅក្នុងស្ថាប័ន តាមបណ្ដាស្ថាប័នអន្តរជាតិជាច្រើនដែលយើងមាន ដែលជាទិន្នន័យចាស់នោះទេ តែវាត្រូវផ្អែកលើទិន្នន័យ បច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី» ៕

ដោយ ៖ សិលា


ចែករំលែក៖