ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ មិនមានអាជ្ញាធរ សមត្ថកិច្ច ណា ធ្វើការគម្រាមកំហែង អតីតបុគ្គលិក VOD ទេ !

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយទៅនឹងសំណួរ អតីតបុគ្គលិក VOD ចោទប្រកាន់ថា សមត្ថកិច្ច ធ្វើការគម្រាមកំហែង បុគ្គលិក VOD ! អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខ: បានបញ្ជាក់ជូនថា, មិនមានអាជ្ញាធរ សមត្ថកិច្ច ណា ធ្វើការគម្រាមកំហែង អតីតបុគ្គលិក VOD ទេ !

លោកបានថ្លែងថា : ចំពោះសំណួរដែលខាងប្អូន VOD ដែលសួរថា, អតីតបុគ្គលិក VOD ចោទថាអាជ្ញាធរ សមត្ថកិច្ច គំរាមកំហែង សន្តិសុខ សុវត្ថិភាពនេះ ..!  ខ្ញុំមិននៅក្នុងស្ថានភាពនេះទេ ហើយក៏គ្មានការបង្ហាញនូវភស្តុតាង ដែលបញ្ជាក់ថា, អាជ្ញាធរទៅ គំរាមកំហែង គាបសង្កត់ សុវត្ថិភាព សន្តិសុខ របស់ពួកគាត់ដែរ ។ ដូច្នេះ ខ្ញុំយល់ឃើញថា , អាជ្ញាធរ សមត្ថកិច្ច គាត់ស្គាល់ ពីតួនាទីភារកិច្ចរបស់គាត់ច្បាស់ណាស់ គាត់ដឹងអំពី សិទ្ធិសេរីភាពរបស់បុគ្គល ទូទៅច្បាស់ណាស់ ! ហើយគាត់ក៏ស្វែងយល់ថា , សម័យបច្ចុប្បន្ននេះ គឺជាសម័យ ឌីជីថល ឬ បណ្ដាញព័ត៌មានឌីជីថល ដែលម្នាក់ៗ សុទ្ធតែជាអ្នកព័ត៌មាន មានទូរសព្ទដៃទំនើបៗ ដែលអាចថតសំឡេង ដែលអាចថតរូបភាពជាសន្លឹកក្តី ជាវីដេអូក្តី ទុកជាភស្តុតាង បើសិនគាត់ទៅជាហ៊ាន ធ្វើសកម្មភាព គំរាមកំហែង ដាក់គំនាប ឬក៏សម្លុត ឬធ្វើសកម្មភាពជាវិជ្ជមានណាមួយ គាត់ពិតជាយល់ច្បាស់ណាស់ , ដូច្នេះខ្ញុំគិតថាគាត់ មិនហ៊ានធ្វើបែបនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា , ខ្ញុំក្រែងតែ បងប្អូនទាំងអស់នោះមានអារម្មណ៍ដោយខ្លួនឯង ហើយយកអារម្មណ៍នេះមកធ្វើជា ប្រធានបទ ឱ្យកាន់តែរសើប កាន់តែក្តៅ មានសំឡេងមួយដើម្បីសម្រេចនូវ គោលដៅ គោលបំណង ចំណេញផ្នែកនយោបាយ ឬក៏ចំណេញផ្នែកអ្វីមួយ ! លោកបន្តថា, នេះជាអ្វីមួយដែលខ្ញុំលើកជាទឡហ្ហីករណ៍ ដើម្បីធ្វើការវិភាគទេ។ បើសិនជាបងប្អូនទាំងអស់មានភស្តុតាងគ្រប់គ្រាន់ គួរតែបង្ហាញភស្តុតាងទាំងអស់នោះ ឬប្ដឹងទៅកាន់ជំនាញដើម្បីឲ្យលោកចាត់វិធានការទៅតាមផ្លូវច្បាប់។

លោក ទូច សុខ: លើកឡើងថា : បើគ្រាន់តែបង្ហើរសំឡេង មិនមានភស្តុតាងមូលដ្ឋានច្បាស់លាស់ ឱ្យមហាជនមានការភាន់ច្រឡំ មានការដាក់បន្ទុកមកលើអាជ្ញាធរ មកលើ សមត្ថកិច្ចជាដើមនោះ ។ ខ្ញុំនិយាយត្រឡប់មកវិញថា , សមត្ថកិច្ច និងអាជ្ញាធរ មិនហ៊ានធ្វើបែបហ្នឹងទេ ជាគោលការណ៍ទូទៅរបស់ក្រសួងមហាផ្ទៃ គឺមិនដែលមានការណែនាំ ណាមួយឱ្យទៅគំរាមកំហែង ឱ្យទៅសម្លុត ដាក់សម្ពាធ ទៅលើបុគ្គល(ក)  បុគ្គល(ខ) ឬនរណាម្នាក់ទេ មានតែឱ្យតម្រែតម្រង់ទិស ឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្ត ឱ្យគោរពសេរីភាពទៅលើបុគ្គលគ្រប់រូប ។

អ្នកនាំពាក្យបានបន្ថែមថា : ចំពោះមានសំណួរលើកឡើងថា, មានការឃ្លាំ សកម្មភាពនានាដល់ អតីតបុគ្គលិក VOD ដែលបានបិទទ្វារ ដោយសារតែរំលោភលើវិជ្ជាជីវៈ សារព័ត៌មាន រំលោភលើច្បាប់ជាព័ត៌មាន ស្ដីពីរបបសារព័ត៌មានកម្ពុជានោះ ខ្ញុំចង់បញ្ជាក់ជូនលើជំនាញវិញ ជំនាញរបស់សមត្ថកិច្ចក្នុងការគ្រប់គ្រង សន្តិសុខ ឬក៏បទល្មើស គឺគេមានរូបមន្តរបស់គេ …ខ្ញុំគ្រាន់តែបង្ហើបថា, ជាទូទៅគឺគេបានបែងចែកកម្លាំង នៅក្នុងការល្បាតជំនាញ អាចជាម៉ូតូ អាចជាឡាន និងអាចជារូបភាពដទៃផ្សេងៗទៀត សម្រាប់គ្រប់គ្រងសន្តិសុខ ក្តាប់មុខសញ្ញា ។ លោកបន្តថា , តួនាទីរបស់ពួកគាត់ ទី១ បង្ការបទល្មើស,  ទី២ បង្ក្រាបបទល្មើស ហើយរុញទៅកាន់តុលាការ អនុវត្តទៅតាមច្បាប់។ ពួកគាត់ជាសមត្ថកិច្ច ដែលមាននគរបាលក្តី អាវុធហត្ថក្តី ដែលមានពេលខ្លះជាយោធាក្តី ពួកគាត់ធ្វើការតាមមុខសញ្ញាពួកគាត់ គឺចល័ត ឬល្បាតតាមជំនាញ តាមដងផ្លូវ គ្រប់ភូមិសាស្ត្រ ។ ពេលខ្លះពួកគាត់បំពេញតួនាទីល្បាត ស្លៀកពាក់ឯកសណ្ឋាន បែរជាមើលឃើញ ឬជួបគ្នាដោយចៃដន្យណាមួយ ពួកគាត់(អតីតបុគ្គលិក VOD) មានអារម្មណ៍ថា , អាជ្ញាធរ និងសមត្ថកិច្ចហ្នឹង តាមដាន តាមឃ្លាំមើល សកម្មភាពរបស់ពួកគាត់ ។ នេះជាការភាន់ច្រឡំមួយ ដោយសារតែ អារម្មណ៍របស់គាត់ធ្លាប់ដិតដាម ពីមុនមក ថាគេអាចនឹង តាមដាន ពីសកម្មភាពរបស់ខ្លួន ។ ប៉ុន្តែជាគោលការណ៍ជំនាញ គ្រប់គ្រងសន្តិសុខនិងបទល្មើស គេធ្វើល្បាតអញ្ចឹងជាទូទៅ ,… អញ្ចឹងគាត់មានអារម្មណ៍តាមការគិតរបស់គាត់នោះទេ។ ពេលខ្លះគាត់យកអារម្មណ៍ហ្នឹងមកផ្សារភ្ជាប់ យកទាំងអស់ហ្នឹងមកប្រាប់ ដើម្បីបម្លែង ផលិតទៅជាអត្ថបទ ផ្សព្វផ្សាយ ហើយ នាំឱ្យមានការគិត ណាមួយពីមតិសាធារណៈ ឬពេលខ្លះវាយតម្លៃអវិជ្ជមាន ទៅលើសមត្ថកិច្ចថា ពិតជាមាន បានប្រព្រឹត្តអំពើអញ្ចឹងមែន ! តាមពិតគឺសមត្ថកិច្ចមិន បានធ្វើអំពើបែបនេះទេ គឺគេដឹងអំពីសេរីភាព របស់បុគ្គល គេដឹងអំពីសិទ្ធិរបស់បុគ្គល គេខ្លាចខុសពីតួនាទីភារកិច្ច គេខ្លាចត្រូវបានគេចោទថា រំលោភសិទ្ធិសេរីភាព បុគ្គលឯកជន ប៉ុន្តែគេធ្វើសកម្មភាពចល័តជំនាញ ក្នុងក្របខណ្ឌសមត្ថកិច្ចតែប៉ុណ្ណោះដើម្បីការពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ៕

ដោយ ៖ សុខ ខេមរា 


ចែករំលែក៖