ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ នយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ កម្ពុជាបានបញ្ចប់សង្រ្គាមដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងឱកាសចូលរួមតាំងពិព័រណ៍សមិទ្ធផល២៥ឆ្នាំរបស់ក្រសួងមហាផ្ទៃដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យតាមយុទ្ធសាស្ត្រនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមាន ឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា នយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាគឺបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង​ ដោយនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនិងការរីកចម្រេីនរុងរឿង​ នាំឱ្យកម្ពុជាមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ។ ដូច្នេះ​ យើងទាំងអស់គ្នាត្រូវអរគុណ​សន្តិភាព​! អរគុណ​នយោបាយឈ្នះ​ ឈ្នះ​! ដឹង​គុណ​ស្ថាបនិកមគ្គុទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ​ ឈ្នះ​ ដែល​នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ​ ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តទៀតថា ដោយសារមានសន្តិភាពគឺមានអ្វីៗទាំងអស់ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីប្រទេសបន្តមានការអភិវឌ្ឍន៍បានកាន់តែឆាប់រហ័ស។ 

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន លោកថ្លែងថា គ្រឿងញៀននៅតែជាបញ្ហាប្រឈម​ ហេីយកម្ពុជាបន្តជួបភាពស្មុគស្មាញដោយកត្តាតំបន់ និងសាកលលោក ធ្វើឱ្យកម្ពុជាជាប្រទេសនៅតែទទួលរងគ្រោះពីបញ្ហាគ្រឿងញៀន​ ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា​បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងវិស័យសន្តិសុខជាតិដែលត្រូវយកចិត្តទុកដាក់។ 

ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវរួមគ្នាអនុវត្តឱ្យបាននូវកញ្ចប់ការងារទាំង៥ មានការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ការងារព្យាបាល ស្តានីតិសម្បទា និង​សមាហរណកម្ម ការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុផ្សំគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសហគមន៍មានសុវត្ថិភាពតាមរយៈការកាត់បន្ថយ​ និងឈានទៅលុបបំបាត់បញ្ហាដែលបង្កឡេីងពីគ្រឿងញៀន ។ លេីកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វេីការអភិវឌ្ឍន៍ប្រទេសឱ្យបានរីកចម្រើនឆាប់រហ័សផងដែរ៕

ដោយ​៖ ស​ តារា


ចែករំលែក៖