ភ្នំពេញ ៖ រសៀលនេះយើងខ្ញុំមានឱកាសផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ៦០០ នាក់។ ទន្ទឹមនឹងការផ្សព្វផ្សាយនេះ ខ្ញុំមានកិត្តិយស ដោយបានលើកឡើងវិញនូវអនុសាសន៍ និងចំណុច សំខាន់ៗជាយុទ្ធសាស្ត្រ របស់សម្តេចប្រធានគណបក្ស ដែលបានបូកសរុបនៅក្នុងអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា មិនឱ្យមានបាត់មួយចំណុចណាឡើយ។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
លោក ហ៊ុន ម៉ានី ថ្លែងថា៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូបបានជ្រាបស្រាប់ហើយថា កន្លងមកនេះ កម្ពុជាទទួលបានការសាទរ និងការទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះភាពជោគជ័យនៃសំទុះកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ការរក្សាស្ថិរភាពសង្គម នយោបាយពេលមានវិបត្តិនានា រួមទាំងសមត្ថភាពដឹកនាំរបស់កម្ពុជាលើវេទិកាអន្តរជាតិ ដែលសុទ្ធតែជាលទ្ធផលនៃភាពជាម្ចាស់លើជោគវាសនាអនាគតរបស់យើងប្រកបដោយវិបុលភាព។ សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីឧត្តមភាពរបស់កម្ពុជាយ៉ាងប្រត្យក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដ៏រុងរឿង លើភាពប្រកដប្រជានៃសាមគ្គីឯកភាព ប្រជាធិបតេយ្យផ្ទៃក្នុង គុណភាពនៃរបៀបរបបការងារ និងសមិទ្ធផលដែលសម្រេចបានសម្រាប់ជាតិ និងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។
យើងទាំងអស់គ្នាដែលជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា មានទំនួលខុសត្រូវខ្ពស់ចំពោះអនាគតរបស់ប្រទេសជាតិយើង។ យើងមានតួនាទីបន្តរក្សាកេរមរតករបស់បុព្វបុរស និងសមិទ្ធផលរបស់ឥស្សរជនជំនាន់មុនដែលបានបន្សល់ទុក ជាពិសេស«សន្តិភាព» ដែលរកបានមកដោយលំបាក ហើយពូនជ្រុំកម្លាំងគ្នាក្នុងបេសកកម្មចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ហ្វឹកហាត់បង្កើនសមត្ថភាព បង្កបរិយាកាសល្អសម្រាប់សង្គមជាតិ ក៏ដូចជាផ្តល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ ហើយបន្តលើកកម្ពស់កិត្យានុភាពជាតិលើវេទិកាអន្តរជាតិឱ្យខាងតែបាន ខណៈពេលដែលការប្រកួតប្រជែង ទាំងក្នុងតំបន់ និងលើពិភពលោកកំពុងតែមានភាពស្រួចស្រាល់ ៕
ដោយ ៖ សិលា