ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

នៅក្នុង​សារលិខិត​ថ្វាយព្រះពរ​ របស់សម្ដេច​ធិបតី​​ បានបញ្ជាក់ថា​ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

​នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃការទទួល អំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមលំឱនកាយវាចាចិត្តក្រាបបង្គំ សម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជ បញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

​ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្ដែងថ្វាយនូវកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះ ព្រះមហាករុណាទិគុណ និងព្រះព្រហ្ម វិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងព្រះរាជសកម្មភាពជា ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី និងសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ ប្រជានុរាស្ត្រ ការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា និងជាពិសេសព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធ សាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ និងប្រជាជនជួបប្រទះ នូវឧបទ្ទវហេតុនានា និងជាពិសេសចូលរួមចំណែកយុទ្ធនាការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពកុំបីឃ្លៀងឃ្លាតឡើយ។

  សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

ដោយ​៖ តារា


ចែករំលែក៖