ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បានថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។ 

នៅក្នុង​សារលិខិត​ថ្វាយព្រះពរ​ របស់សម្ដេច​ធិបតី​​ បានបញ្ជាក់ថា​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

  នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនៃការទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ ទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីអំណរ សាទរដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការ និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជំ ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ តរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវកតញ្ញូតាធម៌និងកតវេទីតាធម៌ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធព្រះរាជធម៌ ជាពិសេសព្រះអង្គទ្រង់តែងមានព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និង ជាពិសេសយុទ្ធនាការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

  ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួង់ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធិបារមីទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួល នូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

ដោយ៖ តារា


ចែករំលែក៖