ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតភ្ជង់កប្លន់ម៉ូតូបុរសម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖  បុរសជនសង្ស័យម្នាក់ យកកាំបិតមកភ្ជង់កប្លន់យកម៉ូតូមួយគ្រឿង ពីយុវជនជាអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន Grab ម្នាក់បានសម្រេច ក្រោយពេលជនរងគ្រោះត្រឡប់មកពីដឹកម្ហូបឲ្យភ្ញៀវ រួចឈប់ម៉ូតូ ក្រោមដើមឈើ ចុះទៅបត់ជើងតូចក្បែរនោះមួយភ្លែត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៧យប់ថ្ងៃទី០៤ខែមករា ឆ្នាំ២០២៤ ចំណុចក្បែររង្វង់មូលកាំកូ លើផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ពិសី អាយុជាង២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IN-8015 បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយប្រពន្ធនិងកូនតូច នៅម្តុំបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយខ្លួនបានដឹកម្អូបដែលភ្ញៀវកម្ម៉ង់ យកទៅឲ្យនៅម្តុំក្នុងបុរីអង្គរ ក្រោយពីយកម្ហូបទៅប្រគល់ឲ្យភ្ញៀវរួចក៏បានជិះម៉ូតូត្រឡប់មកវិញ កាត់តាមបណ្តោយផ្លូវបុរីអង្គរ ខណៈបើកមកដល់ចំណុចកើតហេតុក្បែររង្វង់មូលកាំកូស៊ីធី ខ្លួនក៏បានឈប់ម៉ូតូនៅក្រោមដើមកាស្យា ចុះទៅបត់ជើងតូចក្បែរនោះមួយភ្លែត ដោយកន្លែងកើតហេតុងងឹតផង ហើយស្ងាត់ទៀត ក្រោយពីបត់ជើងតូចរួចក៏បានឡើងមកជិះម៉ូតូវិញ កាច់សោរៀបហ្នឹងបញ្ឆេះ ស្រាប់តែមានបុរសជាជនសង្ស័យម្នាក់ កាន់កាំបិតចុងស្រួចមួយដើមយកមកភ្ជង់កជនរងគ្រោះ ហើយក៏ច្រានចេញពីលើម៉ូតូពេលនោះដែរជនរងគ្រោះខំរត់ស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ ទោះជាខំប្រឹងស្រែកយ៉ាងណា ក៏គ្មាននរណាម្នាក់ជួយរូបគាត់បានដែរ។ បន្ទាប់មកពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអ្នកដឹកជញ្ជូនអាហារដូចគ្នា ចុះមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់សួរនាំនៅកន្លែងកើតហេតុរួចក៏នាំជនរងគ្រោះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី ៣ ដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖