ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា ជារៀងរាល់ថ្ងៃមន្រ្តីជំនាញ ក.ប.ប នៅតាមបណ្ដាខេត្ត-រាជធានី បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ក្នុងការធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ជាក់ស្ដែងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ក្នុងរយៈពេលជិតមួយសប្ដាហ៍នេះ បានរកឃើញទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២០០ គីឡូក្រាម ពីរាជធានី-ខេត្ត ចំនួន ១១។
សូមជម្រាបថា មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តកំពង់ចាម ,កំពង់ធំ ,សៀមរាប ,តាកែវ ,កំពត ,កោះកុង ,ព្រះសីហនុ ,បាត់ដំបង ,បន្ទាយមានជ័យ ,មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តចុះត្រួតពិនិត្យគុណភាពសុវត្តិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទនៅតាមបណ្តាទីផ្សារសំខាន់ៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ នេះ ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទ ពុំមានគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ សរុបចំនួន ១១៦.៨១ គីឡូក្រាម បារីចំនួន ៥០ កញ្ចប់ និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ចំនួន ៩៤.០២ លីត្រ និង ២៨ កេស។
ជាមួយគ្នានេះ មន្ត្រីជំនាញ ក៏បានបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ ព្រមទាំងបានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម៕
ដោយ៖ តារា