ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញក.ប.ប បន្តរកឃើញទំនិញពុំមានអនុលោមភាព សរុបប្រមាណ ២០០គីឡូក្រាម​ ក្នុងរយៈពេល​ជិតមួយសប្ដាហ៍

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១​១​ ខែមករា​ ឆ្នាំ​២០២៤នេះថា​ ជារៀង​រាល់​ថ្ងៃ​មន្រ្តីជំនាញ​ ក.ប.ប​ នៅតាមបណ្ដាខេត្ត-រាជធានី​ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ក្នុងការធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ក្នុងរយៈពេល​ជិតមួយសប្ដាហ៍នេះ​ បានរកឃើញទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២០០ គីឡូក្រាម ពីរាជធានី-ខេត្ត ចំនួន ១១។

សូមជម្រាបថា​ មន្ត្រីជំនាញ​ ក.ប.ប. ប្រចាំខេត្តកំពង់ចាម ,កំពង់ធំ ,សៀមរាប ,តាកែវ ,កំពត ,កោះកុង ,ព្រះសីហនុ ,បាត់ដំបង ,បន្ទាយមានជ័យ ,មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តចុះត្រួតពិនិត្យគុណភាពសុវត្តិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទនៅតាមបណ្តាទីផ្សារសំខាន់ៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ នេះ ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទ ពុំមានគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ សរុបចំនួន ១១៦.៨១ គីឡូក្រាម បារីចំនួន ៥០ កញ្ចប់ និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ចំនួន ៩៤.០២ លីត្រ និង ២៨ កេស។

ជាមួយគ្នានេះ​ មន្ត្រីជំនាញ​ ក៏បានបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ ព្រមទាំងបានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖