ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក យឹម លាង ចាត់ឱ្យ​ប្រធាននាយកដ្ឋានអង្គរក្សដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព ក្នុង​ពិធីបើក “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវណព្រះលានជល់ដំរី ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក យឹម លៀង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានចាត់ឱ្យលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស ដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបើក “ឆាំ្ននៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវណព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ 

ពិធីឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន២០២៤ នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព លោក លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ មកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ ក្នុងឱកាសនោះដែរ ក៏នឹងមានការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិត ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ។ 

គួរបញ្ជាក់ថា​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន  បានលើកឡើងថា ព្រឹត្តិការណ៍ ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន អាចទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរជាជនជាតិចិនតែម្តង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះអាចឲ្យកម្ពុជាផ្សព្វផ្សាយពីកម្ពុជាបានច្រើនដល់ឆាកអន្តរជាតិ ជាពិសេសដល់ប្រជាជនចិន ដើម្បីមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ដែលជាកត្តាមួយធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៤នេះ ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះកើតឡើងបាន ដោយបានការចូលរួមពីស្ថានប័នពាក់ពន្ធ និងភាគីចិន ដើម្បីឲ្យកម្មវិធីនេះដើរបានរលូន និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាដល់ឆាតអន្តរជាតិ ៕

ដោយ​៖ តារា​


ចែករំលែក៖