ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវរ៉ូវគ្នាចូលផ្ទះសំណាក់រួមភេទ រួចហើយខាងប្រុសលួចលុយខាងស្រីលុះ៦ថ្ងៃក្រោយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់និយាយត្រូវរ៉ូវគ្នាជាមួយនារីជាបុគ្គលិកហាងខារ៉ាអូខេម្នាក់ ដោយណាត់គ្នាចូលផ្ទះសំណាក់រួមភេទបានសម្រេចរួចខាងប្រុសលួចលុយនិងគ្រឿងអលង្ការរបស់ខាងស្រីអស់មួយចំនួន លុះបាន៦ថ្ងៃក្រោយ ខាងស្រីប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន ។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៤០នាទី នៅចំណុចផ្ទះសំណាក់ ភ្នំមាស ភូមិចតុទិស ឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស ធ រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ  ស្នាក់នៅផ្ទះជួលក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ បូ សុធារ៉ា  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

សម្ភារៈបាត់បង់៖ ប្រាក់រៀលចំនួន៥០ម៉ឺនរៀល, ខ្សែកផ្លាទីន ០១ខ្សែ តម្លៃ២៥០ដុល្លារ ,ខ្សែដៃផ្លាទីន ម៉ូដកណ្តឹង០១ខ្សែតម្លៃ២៧០ដុល្លារ , ចិញ្ជៀនផ្លាទីន០១វង់ តម្លៃ២០ដុល្លារ ។

ប្រភពដដែលបន្តថា នៅថ្ងៃទី០៧ ខែមករា  ឆ្នាំ ២០២៤ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានដើរចេញពីកន្លែងធ្វើការនៅភោជនីយដ្ឋាន មួយកន្លែង យីហោ ប៉ាវចិន បានជួប ជាមួយ ឈ្មោះ ស៊ឹម វង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតាមានទីលំនៅ ភូមអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលនោះ ឈ្មោះ ស៊ឹម វង បានប្រាប់នារីរងគ្រោះថា៖ មានគេរកនារីអង្គុយផឹកកំដរ ចង់ទៅឬទេ ? ជនរងគ្រោះក៏សួរថា៖ ផឹកនៅឯណាដែរបង? ឈ្មោះ ស៊ឹម វង ប្រាប់ទៅវិញថា៖ ផឹកនៅហាងពន្លឺព្រះចន្ទ ខណៈពេលនោះ ជនរងគ្រោះបានយល់ព្រមទៅ រួចក៏ឡើងជិះឡំប្រឺតាទៅជាមួយ ឈ្មោះ ស៊ឹម វង ។ ពេលទៅដល់ហាងពន្លឺព្រះចន្ទ ជនរងគ្រោះ បានចុះពីលើឡំប្រឺតាដើរចូលទៅអង្គុយកំដរជាមួយជនសង្ស័យ ដោយក្នុងតុផឹកស៊ីនោះដែរ មានមិត្តភក្តិរបស់ជនសង្ស័យចំនួន០៧នាក់ ប្រុស០៤ ស្រី០៣នាក់ ហើយជនរងគ្រោះបានផឹកស៊ីរហូតដល់វេលាម៉ោង១៥និង១០នាទី។ ដោយផឹកយូរពេក ជនរងគ្រោះបានសុំជនសង្ស័យ ត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនព្រមអោយទៅ ហើយជនរងគ្រោះបានងើបបម្រុងដើរចេញមកក្រៅហាងរកឡំប្រឺតាជិះ ភ្លាមនោះជនសង្ស័យក៏បាននិយាយថា៖ បើអូនឯងមិនព្រមនៅផឹកទេ ចឹងមានតែទៅគេងជាមួយបងម៉ងទៅ ហើយលុយចាំបងអោយសរុបតែម្ដងទៅ។ ឮដូច្នេះជនរងគ្រោះបានយល់ព្រម រួចហើយបានតេទូរសព្ទ័ហៅ ឈ្មោះ ស៊ឹម វង អោយបើកឡំប្រឺតាមកដឹកខ្លួនទៅផ្ទះសំណាក់ យីហោ ភ្នំមាស ដែលមានទីតាំងស្ថិតនៅ ភូមិចតុទិស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ពេលទៅដល់ ជនរងគ្រោះបានចុះពីលើឡំប្រឺតា ឈរចាំ ជនសង្ស័យនៅមុខផ្ទះសំណាក់ខាងលើបានមួយសន្ទុះជនសង្ស័យបានជិះឡំប្រឺតាមកដល់ ក្នុងពេលនោះជនរងគ្រោះនិងជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ដេកនិងរួមភេទជាមួយគ្នាតែម្តង ។ 

រហូតដល់វេលាម៉ោង ១៦ និង៤០នាទី ជនសង្ស័យនិងជនរងគ្រោះបានងើបពីដេក រួចហើយជនរងគ្រោះដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក ឆ្លៀតឱកាសនោះ ជនសង្ស័យបានធ្វើសកម្មភាពលួចបើកកាបូបរបស់ជនរងគ្រោះដែលទុកនៅលើតុចុងជើងនៃគ្រែដេកបានលូកយកប្រាក់រៀលចំនួន៥០ម៉ឺនរៀល ខ្សែកផ្លាទីន ០១ខ្សែ ខ្សែដៃផ្លាទីនកណ្តឹង០១ខ្សែ ចិញ្ជៀនផ្លាទីន០១វង់ រួចហើយរត់ចេញពី ផ្ទះសំណាក់បាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានដើរចេញពីបន្ទុប់ទឹក មកវិញឃើញកាបូបបើកចំហនិងបាត់សម្ភាររបស់ខ្លួនខាងលើបានតេទូរស័ព្ទហៅ ឈ្មោះ ស៊ឹម វង អោយមកដឹកខ្លួនតាមរកជនសង្យ័យតែរកពុំឃើញនិងពុំបានប្តឹងសមត្ថកិច្ទឡើយ។ លុះមកដល់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី ឈ្មោះ ស៊ឹម វង ក៏បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា៖ បានឃើញជនសង្ស័យនៅមុខ ABA ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុង ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ភ្លាមនោះជនរងគ្រោះក៏ចេញពីផ្ទះជួលហៅឡំប្រឺតាជិះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាំងចាស់អំពីរឿងហេតុ រួចមកកម្លាំងសមត្ថកិច្ទប៉ុស្តិ៍សង្កាត់វាំងចាស់បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់វាំងចាស់ ហើយបានប្រគល់ជនសង្ស័យអោយមកកម្លាំងនគរបាលប៉ុស្តិ៍វិហារហ្លួងនិងបានបញ្ជូនបន្តមក អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធី៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖