ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញជូនសមាជិកគណបក្សស្រុកពារាំង

ចែករំលែក៖

ព្រៃវែង៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សនៅស្រុកពារាំង។

ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីមន្រ្តីក្រុមការងារចុះមូលដ្ឋាន មន្ត្រីគណបក្សស្រុក ប្រធានគណបក្សឃុំ និងប្រធានសាខាបក្សទាំង ៩៣ភូមិ របស់ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកពារាំង។

ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានពាំនាំសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ជូនសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបញ្ចេញសកម្មភាពអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាបម្រើប្រជាពលរដ្ឋប្រកបដោយលទ្ធផលល្អ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ កន្លងទៅ។

ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងពីដំណើរការនៃអង្គមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលបានពិភាក្សានិងអនុម័តសភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ ក៏ដូចជាការសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងពេលត្រូវរងឥទ្ធិពលដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី។ 

ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

ឯកឧត្តម វង្ស ពិសេន បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារចុះមូលដ្ឋាន មន្ត្រីគណបក្ស និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អថែមទៀត ដោយត្រូវផ្លាស់ប្តូរឥរិយាបថឲ្យសាកសមជាមន្ត្រី ជាអ្នកដោះស្រាយសំណើរ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋឲ្យប្រកបដោយតម្លាភាព និងមិនមានការរើសអើង។

ទន្ទឹមនេះ ឯកឧត្តមប្រធានក្រុមការងារបានណែនាំឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយក្នុងនោះមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវបន្តខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖