ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ស្នងការ​នគរបាល​ខេត្ត​កំពត​ តាមរកឃើញឪពុកនិងកូនដែលបង្ហោះគំរាមថានិងធ្វើអត្តឃាតនៅស្រុកអង្គរជ័យ​

ចែករំលែក៖

ខេត្ត​កំពត​៖​ ទីបំផុត​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ​ ពេលលោក​ និងកម្លាំងជំនាញ​ បានយកឪពុកនិងកូនបានហើយ ក្មេងមានសុខភាពល្អធម្មតា​។ 

សូមជម្រាបជូនថា​ កាលពីព្រឹកមិញនេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបង្ហោះថា៖ សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ពាក់ព័ន្ធករណីគំរាមថា ធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។ លោក បន្តថា​ ករណីនេះក្រោយទទួលបានព័ត៌មានកាលពីល្ងាចថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២៤ សមត្ថកិច្ចជំនាញ​ និងលោកផ្ទាល់បានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែកម្លាំងជំនាញកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន។ 

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបញ្ជាក់បន្ថែមថា​ ព្រឹកនេះកម្លាំងជំនាញ​ និងលោកផ្ទាល់​ បានបន្តប្រើប្រាស់វិធានការជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ។ 

លុះនៅរសៀលថ្ងៃ​ដដែលនេះ​ បន្ទាប់ពី​បុរស​ជា​ឪពុក​(ជនបង្ក​)បានបង្ហោះ​វីដេអូ​ម្តងទៀត​ ប្រាប់​សមត្ថកិច្ច​ថា​ រូបគេមាន​ជម្លោះ​ក្នុងគ្រួសារ​ ហេីយ​ការធ្វើ​បែបនេះ​គឺចង់ឱ្យម្តាយ​ និង​សាច់ញាតិ​របស់ក្មេងប្រុសរងគ្រោះ​មកទទួល​យក​។ ភ្លាម​នោះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានតប​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកវិញថា មិនអីទេប្អូន សូមប្អូនមកជួបសមត្ថកិច្ចដើម្បីបញ្ចប់រឿង ហើយកុំអោយមហាជនភាន់ច្រឡំជាបន្តទៀត សូមប្អូនមកអធិការស្រុកអង្គរជ័យឥឡូវនេះ៕

ដោយ​៖ តារា​

 


ចែករំលែក៖