ភ្នំពេញ៖ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃសៅរ៍ទី២០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ខេត្តតាកែវ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤។
ACU បានឱ្យដឹងទៀតថា នៅថ្ងៃទី២០ មករានេះ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខេត្តតាកែវ បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុប ៥០៦រូប។
សម្រាប់វឌ្ឍនភាពការងារ នៃការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស រយៈពេល ២០ថ្ងៃ នេះ ក្រុមការងារនាយកដ្ឋានបានទទួលទិន្ន័យជាបឋមប្រមាណ ៩៣.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨,២៧៩ រូប។
សូមជម្រាបជូនថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ ល្ងាច ជារៀងរាល់ថ្ងៃ ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍-អាទិត្យ និងថ្ងៃបុណ្យ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕
ដោយ៖ ស តារា