ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានសម្រេច​បង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

សម្រេច៖​ ប្រការ១- ត្រូវបានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា​ ប្រធាន

២- ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា​ អនុប្រធាន

៣- ឯកឧត្តមសាស្ត្រាចារ្យ​ ឈួយ ម៉េង​  និងជាវេជ្ជបណ្ឌិតប្រចាំការ

៤- ឯកឧត្តមសាស្ត្រាចារ្យ​ តារា​ ឡឹម​ សមាជិក​

៥- ឯកឧត្តមសាស្ត្រាចារ្យ​ សុខ​ ជួរ​ សមាជិក

៦- ឯកឧត្តមសាស្ត្រាចារ្យ​ ឱ​ វ៉ាន់ដា​ សមាជិក

៧- លោកវេជ្ជបណ្ឌិត​ ង៉ែត​ ប៉ាធី សមាជិក និងជាវេជ្ជបណ្ឌិតប្រចាំការ

៨- លោកវេជ្ជបណ្ឌិត​ ស៊ុំ​ សត្ថា​ សមាជិក និងជាវេជ្ជបណ្ឌិតប្រចាំការ។

ប្រការ២-

ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រការ៣-

ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រនានា ចូលរួមជួយការងារក្នុងករណីចាំបាច់។

ប្រការ៤-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ តារា


ចែករំលែក៖