ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J.Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ។ នារាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ារីយ៉ាម សើរមែន (Mariam J.Sherman) នាយិកា គ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ វិមានសន្តិភាព។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី ម៉ារីយ៉ាម សឺរមែន និង សហការី ដែលបាន អញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ដល់ ធនាគារពិភពលោកចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្តេច ធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយក្នុងជំនួបពិភាក្សាការងារនាពេលនេះ ដើម្បីពង្រឹងនិងពង្រីកនូវកិច្ច សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកបន្ថែមទៀត។
ក្នុងជំនួប លោកស្រីនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបាន ចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីនាយិកា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារ ពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពមាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកា មានជំនឿ ជាក់ថា ជំនួបជាមួយ សម្តេចធិបតី នាឱកាសនេះនឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីភាពប្រទាក់ ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗរបស់ធនាគារពិភពលោកក្នុង កម្រិតសកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហ ប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការបន្តក្របខ័ណ្ឌភាពជាដៃគូរវាង រាជរដ្ឋាភិបាលជាមួយធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៥-២០២៩។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូន លោកស្រីនាយិកា ពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣ និងអាទិភាពគន្លឹះចំនួន៥ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោកស្រីនាយកា ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហ ប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងនៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យ សុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកស្រី ម៉ារីយ៉ាម សឺរមែន ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
ដោយ ៖ សិលា