ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដ្រូនរុស្សីនិងអ៊ុយក្រែនជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៤ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដោយផ្អែកលើក្រសួងការពារជាតិ
រុស្ស៉ី បានរាយការណ៍នាថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចឬស្ទាក់យន្តហោះដ្រូនចំនួន២១គ្រឿង ដែលអ៊ុយក្រែនបញ្ជូនមកកាន់តំបន់ឧបទ្វីបគ្រីមៀនិងតំបន់ដទៃទៀតនៅក្នុង​ប្រទេសរុស្ស៉ីផ្ទាល់។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចដ្រូន១១គ្រឿងនៅលើតំបន់គ្រីមៀ។ អភិបាលទីក្រុង Sevastopol នៅគ្រីមៀ បានអះអាងថា ពុំមានការបំផ្លិចបំផ្លាញបង្កឡើងដោយសារការប៉ុនប៉ងវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Sevastopol ឡើយ ខណៈដែលវាគឺជាទីក្រុងធំជាងគេ និងជាកំពង់ផែដ៏សំខាន់មួយ ប្រចាំនៅឧបទ្វីបគ្រីមៀ។

ឧបទ្វីបគ្រីមៀត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនទៅធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ ខណៈទង្វើនោះត្រូវបានថ្កោលទោសដោយ ក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ ថាជាទង្វើដណ្តើមកាន់កាប់ទឹកដីដោយខុសច្បាប់។ ជាមួយគ្នានេះ យន្តហោះដ្រូនរបស់អ៊ុយក្រែន ក៏ត្រូវបានបាញ់ទម្លាក់នៅតំបន់មួយចំនួនទៀតក្នុងប្រទេស
រុស្ស៉ីផ្ទាល់ផងដែរ រួមមាន Belgorod, Bryansk, Kaluga និង Tula។
ចំណែកខាងអ៊ុយក្រែនឯណោះវិញ បានអះអាងថា កងកម្លាំងរុស្ស៉ីបានបាញ់មីស៉ីល២គ្រាប់ និងដ្រូនវាយប្រហារសរុបចំនួន៣៥គ្រឿង មកលើទឹកដីរបស់ខ្លួន កាលពីវេលាចន្លោះយប់ថ្ងៃចន្ទចូលថ្ងៃអង្គារនេះ ហើយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាញ់ស្កាត់បានចំនួន​១៥គ្រឿង ភាគច្រើននៅតំបន់ភាគខាងកើតនិងខាងត្បូងប្រទេស៕

ដោយ៖ ធីរីណា(រូប​ថត​៖ twitter)


ចែករំលែក៖