ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអំពាវនាវនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះថា៖ ម្ចាស់រថយន្ត Ford ពណ៌ស សូមចូលខ្លួនមកដោះស្រាយចំពោះករណីបង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រស្រុកដងទង់ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ ០២នាក់។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា សូមជូនដំណឹងដល់ម្ចាស់រថយន្ត Ford ពណ៍ស ដែលមានភិនភាគខាងលើ ចូលខ្លួនមកដោះស្រាយក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១២ និហ៣០នាទីរសៀល នៅក្នុងភូមិសាស្ត្រស្រុកដងទង់ ឱ្យបានឆាប់ ម្ចាស់រថយន្តមិនរួចខ្លួននោះទេ ប្រសិនបើមិនចូលខ្លួនដោះស្រាយ។ សូមបងប្អូនជួយស៊ែរឱ្យបានច្រើន ដើម្បីឱ្យម្ចាស់ឡានបានឃើញ ក្រែងមិនដឹងថាខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍។
ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍ ។
សូមជម្រាបថា កាលពីវេលាម៉ោង ១២ និង៥៥នាទីរសៀលមានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ក្រោយកេីតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យ រីម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ៖ តារា