ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបជាមួយ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
សូមជម្រាបថា កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ និងវិនិយោគិនអាមេរិកមួយចំនួន បានចូលរួមក្នុងវេទិកាធុរកិច្ចនេះ ផងដែរ៕
ដោយ៖ តារា