ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ ស្តីពីការផ្តន្ទាទោសជនជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
ជាក់ស្ដែងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ១៩ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ ឃិន ថារី ភេទស្រី (ក្នុងឃុំ) ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អំឡុងខែមករា ឆ្នាំ២០២៤។ វត្ថុតាងគ្រឿងញៀនទម្ងន់ ២២.៣៦ក្រាម មានកម្រិតភាពសុទ្ធ ៧៥.២៦%។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តឧត្តរមានជ័យ បានផ្តន្ទាទោសឈ្មោះ ឃិន ថារី ភេទស្រី ដាក់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្ត សូមបញ្ជាក់បន្ថែមផងដែរថា សាលាដំបូងខេត្តឧត្តរមានជ័យ និងមានវិធានការបន្តយ៉ាងតឹងរ៉ឹងស្របច្បាប់ ចំពោះពិរុទ្ធជនខាងលើ។
បច្ចុប្បន្នជនជាប់ចោទខាងលេីនេះ ត្រូវបានបញ្ជូនខ្លូនទៅកាន់ពន្ធនាគារខេត្ត ដេីម្បីអនុវត្តវិធានការច្បាប់៕
ដោយ៖ តារា