ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រាប់តែឃើញរថយន្តស៊េរីទំនើបចំនួន០២គ្រឿង ដោយមានការសង្ស័យក៏ហៅដេីម្បីស្វែងរកអាវុធជាតិផ្ទុះ ក៏ប្រទះឃេីញឈ្មួញលួចដឹកប្រហិតចម្រុះខូចគុណភាពរាប់រយគីឡូតែម្តង។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង២០នាទី នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ 57B ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រីស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំ រៀងខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុកកំរៀង បានបន្តថា រថយន្តចំនួន០២គ្រឿង ដែលលួចដឹកប្រហិតចម្រុះខូចគុណភាពរួមមាន៖ ១-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-X6472 បើកបរដោយឈ្មោះពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។
២-រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-6336បើកបរដោយឈ្មោះពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នក បើកបរ)ដែលមានឈ្មោះទី សុខភេទប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(អ្នករួមដំណេីរ)។
ពេលសមត្ថកិច្ចពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចម្រុះខូចគុណភាពដឹកពេញរថយន្តនោះ។
បច្ចុប្បន្នស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកកំរៀង បានបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាន ហេីយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានរៀបចំបញ្ជូនករណីនេះទៅកាន់មន្រ្តីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា