ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​​ ដោយមានការឯកភាពពី​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង.ស.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី​នៃច្បាប់។ នេះជាបញ្ជាក់ពី អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ 

 នាយកដ្ឋាន​សូម​បន្ត​​ក្រើន​រំលឹក​​សាធារណជន​ទាំង​អស់​ថា​ ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖