ភ្នំពេញ ៖ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង.ស.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នេះជាបញ្ជាក់ពី អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ ៕
ដោយ ៖ សិលា