ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។
ក្នុងឱកាសនោះលោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសហការ ដើម្បីការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មាន ការគំរាមកំហែង និងគ្មានអំពើហិង្សា។
លោកអភិបាលខេត្ត បានជំរុញឱ្យធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនានាសំដៅ លើកកម្ពស់សមត្ថភាពជូនដល់អ្នកពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឱ្យមានលក្ខណៈកាន់តែ ប្រសើរឡើង និងប្រកបដោយការ ទទួលខុសត្រូវខ្ពស់។
ជាជាមួយគ្នានេះលោកអ៊ុន ចាន់ដា ក៏បានថ្លែងថា ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គណៈកម្មាធិ ការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃ អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ៕
ដោយ៖ សូរិយា